ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដការ រើសកាក សំណល់ប្លាស្ទិក ដូរយកអង្ករ ដើម្បីសម្អាត់បរិស្ថាន ជាគម្រោងថ្មីរបស់អង្គការមូលនិធិទំពាំងស្នងឬស្សី នៅខេត្ដសៀមរាប

72

 

សៀមរាប៖ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានថ្លែងនៅសហគមន៍នេសាទ (មេជ្រៃ) ខេត្តសៀមរាប កាលពីថ្ងៃ១១កើត ខែមិគសិរឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ឆ្លងកាត់រយៈ ពេល ៣ឆ្នាំកន្លង មក យុទ្ធនាការអប់រំប្រឆាំងសំណល់ ប្លាស្ទិក ក្នុងតំបន់បឹងទន្លេ សាប នៃខេត្ត សៀមរាប បានធ្វើសកម្មភាពជាច្រើន ដើម្បីសម្អាតសំណល់ប្លាស្ទិកចេញពីតំបន់បឹងទន្លេសាប។ នៅក្នុងឆ្នាំ២០២០នេះ គម្រោងថ្មី គឺយន្តការប្រមូលសំណល់ប្លាស្ទិកចេញពីបឹងទន្លេសាប ត្រូវបានអនុវត្តក្រោមការលើកទឹកចិត្ត ដល់ប្រជាសហគមន៍គោលដៅចំនួន៥ ដោយការផ្តល់ជំនួយជាអង្ករ និងថវិកា ហើយខាងអង្គការប្រមូលប្លាសិ្ទកដែលប្រជាពលរដ្ឋបានរើសពីផ្ទៃបឹងទន្លេសាប យកមកកែច្នៃ ធ្វើវត្ថុធាតុដើមវិញ ។

លោកបានបន្តថា ថ្ងៃនេះនៅសហគមន៍នេសាទ(មេជ្រៃ) និងជាសហគមន៍ទេសចរណ៍បែបធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប គម្រោងសាកល្បងថ្មីមួយ ស្តីពីយន្តការប្រមូលសំណល់ប្លាស្ទិក ត្រូវបានដាក់ឱ្យអនុវត្ត ដោយចាប់ផ្តើមចេញពីទិវាអនាម័យបរិស្ថានជាតិ(២៣វិច្ឆិកា) អនាម័យបរិស្ថានល្អ សុខ ភាពសហគមន៍ល្អ ។ យន្តការនេះផ្តើមចេញពីគំនិតផ្តួចផ្តើម ដោយអង្គការមូលនិធិទំពាំងស្នង ឫស្សី ក្រោម កិច្ចសហការជាមួយដៃគូម្ចាស់ជំនួយ ( អង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ) និងមានការគាំទ្រដោយអាជ្ញាធរខេត្ត មន្ទីរជំនាញ និងអាជ្ញាធរដែនដី។ ប្រជាសហគមន៍មកពីភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ប្រមាណជាង ៣០០គ្រួសារ បានចូលរួមអនុវត្តន៍។

លោក ស៊ា សុផល បានបញ្ជាក់ថា អស់រយៈពេល៣ឆ្នាំកន្លងមកហើយ ដែលសហគមន៍អ្នក នេសាទ និងប្រជាសហគមន៍ទេសចរណ៍ធម្មជាតិ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប ដូចជា សហគមន៍មេជ្រៃនៃស្រុកពួក កំពង់ភ្លុកនៃស្រុកប្រាសាទបាគង កំពង់ឃ្លាំងនៃស្រុកសូទ្រនិគមន៍ សហគមន៍ចុងឃ្នៀសនៃក្រុងសៀមរាប បានទទួលយកនូវការអប់រំ ស្តីពីការថែរក្សាជីវៈចម្រុះ ដើម្បីបរិស្ថាននិងសុខភាព ជាមួយនឹងការធ្វើឱ្យមានភាពទាក់ទាញ ពង្រីកវិសាលភាពវិស័យទេសចរណ៍ផងដែរ ដោយផ្តោតទៅលើការសម្អាតសំណល់ប្លាស្ទិក។
សម្រាប់ឆ្នាំ២០២០នេះ លើសពីគោលការណ៍អប់រំ តាមរយៈនៃការធ្វើយុទ្ធនាការនោះ គឺការអនុវត្តគម្រោងសាកល្បងថ្មី តាមរយៈនៃការលើកទឹកចិត្ត ឧបត្ថម្ភជាអង្ករ និងថវិកាមួយចំនួនដល់ប្រជាសហគមន៍ សម្រាប់ជួយឱ្យមានប្រសិទ្ធភាពយន្តការប្រមូលសំណល់ប្លាស្ទិកចេញពីតំបន់បឹងទន្លេសាប។ នេះក៏ជាកត្តាសំខាន់ផងដែរ ដែលកិច្ចការទាំងនេះវាបានរួមចំណែកដល់ការរក្សា និងបង្កើនធនធានមច្ឆជាតិ ក្នុងបឹងធម្មជាតិដ៏ធំជាងគេនៅលើពិភពលោក គឺបឹងទន្លេសាបរបស់កម្ពុជា។ ក្រសួងបរិស្ថានក៏បានគាំទ្រគម្រោង អនុវត្តយន្តការនេះ និងបន្តដាក់ឱ្យអនុវត្តនៅបណ្តាខេត្តផ្សេងៗទៀត ដែលមានភូមិសាស្រ្តជាប់បឹងទន្លេសាប។

លោក អ៊ឹង បារាំង ប្រជាពលរដ្ឋធ្វើដំណើរមកពីភូមិស្វាយចេក ដែលនៅជាប់គ្នានឹងភូមិពាមតាអួរនោះដែរ លោកថា លោកពេញចិត្ត និងចូលរួមអនុវត្តគម្រោងនេះជារៀងរហូតតទៅ ព្រោះថា វាពិតជាបាននាំមកនូវសារៈប្រយោជន៍ដ៏ធំធេងសម្រាប់សហគមន៍។
សូមបញ្ជាក់ថា៖ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនៅសហគមន៍មេជ្រៃ គឺជាជំហ៊ានទី២ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី មានគម្រោងអនុវត្តទៅលើគោលដៅសហគមន៍ចំនួន៥ នៅក្នុងតំបន់បឹងទ ន្លេសាប។ ការផ្តល់រង្វាន់លើកទឹកចិត្តដល់ប្រជាសហគមន៍ជាង៣០០គ្រួសារ មានអង្ករ និងគ្រឿងទេស មួយចំនួនទៀត ក្នុងពេលប្រកាសអនុវត្តយន្តការសាក ល្បងនេះ គឺបានការចូលរួមដោយម្ចាស់សណ្ឋាគារមួយចំនួនក្នុងក្រុងសៀមរាប អង្គការគាំទ្រសាលាជន បទ និងក្រុមហ៊ុនមួយចំនួនយើងធ្វើបាន PSSBL៕
សំរិត

អត្ថបទដែលជាប់ទាក់ទង