ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រេចបាន៥០ភាគរយ នឹងគ្រោងបញ្ចប់ទាំងស្រុង នៅថ្ងៃទី១០ ខែកក្កដា

183

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលមានចំនួនសរុប ១០.៥២៥.៦៥០សន្លឹក​ ហើយបើគិតត្រឹមថ្ងៃទី១៥ខែមិថុនា ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រេចបាន១៤ខេត្តហើយ ស្មើនឹង៥០ភាគរយ នៃចំនួនដែលគ្រោងទុក ។ បើមិនមានការប្រែប្រួលនោះទេ ដំណើរការបោះពុម្ព នឹងបញ្ចប់ទាំងស្រុង គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងទីតាំងរោងពុម្ព ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ព ដើម្បីបម្រើដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានចំនួន ១០.៥២៥.៦៥០សន្លឹក ក្នុងនោះសន្លឹកឆ្នោត ៣២៩.២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះ ក៏មានសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោត ត្រៀមបម្រុងនៅតាម ការិយាល័យបោះឆ្នោតនីមួយៗផងដែរ។

លោក ឌឹម សុវណ្ណារុំ ​​ក្នុងសន្លឹកឆ្នោតមួយសន្លឹក ត្រូវចំណាយថវិកាប្រមាណ​៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកា ១០.៤២០.៣៩៣.៥០០រៀល ស្មើនឹងជាង ២,៦លានដុល្លារ។


បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតនៅតាមខេត្តនីមួយៗមិនដូចគ្នា​ទេ ព្រោះដោយសារ​ការដាក់បេក្ខជន ចូលរួមប្រកួតប្រជែង ពីសំណាក់គណបក្សនយោបាយ មិនដូចគ្នា ហើយខេត្តដែលបានបោះពុម្ពសន្លឹកឆ្នោតរួចរាល់នោះ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការបោះពុម្ពសន្លឹកឆ្នោតមាន៥ដំណាក់កាល ដោយដំណាក់កាលទី១៖ ដំណាក់កាលបោះពុម្ព ដំណាក់កាលទី២ វាយលេខកូដ ដំណាក់កាលទី៣ ចោះអក្សរកាត់ NEC ដើម្បីរក្សាការសម្ងាត់​ ដំណាក់កាលទី៤ កិបក្បាល និងដំណាក់កាលទី៥ វេចខ្ចប់៕​

   

អត្ថបទដែលជាប់ទាក់ទង