ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្លាប់​២​នាក់​ និងជាង១០នាក់ចូលសង្គ្រោះបន្ទាន់ សង្ស័យ​ពុល​ទឹក​ដែលមាន​សារធាតុ​គីមី​ពុល​នៅ ស្រុក​ទឹកផុស

63

​កំពង់ឆ្នាំង ៖ ករណី​អ្នក​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ​ខេត្តកំពង់ឆ្នាំង បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​បាន​ស្លាប់ ហើយ​អ្នកភូមិ​១១​នាក់​ទៀត​មាន​អការ​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត បន្ទាប់ពី​ពួកគេ​ផឹកទឹក​អណ្ដូង​នៅក្នុង​ចម្ការឪឡឹក​មួយ​នៅឯ​វាលស្រែ​។​

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ជម្រាប ជូន​អ្នកសារព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៧ វិច្ឆិកា ២០២០​នេះ​ឲ្យ​ដឹងថា តាម​របាយការណ៍​ស្តីពី​ករណី​សង្ស័យ​ពុល​ទឹក ដែលមាន​សារធាតុ​គីមី​ពុល នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង សរុប​ជនរងគ្រោះ​ចំនួន​១៣​នាក់ ស្រី​៨​នាក់ និង​ប្រុស​៥​នាក់ ដែលមាន​អាយុ​ពី​៤​ឆ្នាំ ដល់​៥៣​ឆ្នាំ ដោយមាន​ស្លាប់​ចំនួន ២​នាក់ ស្រី​ទាំងពីរ​នាក់ និង​អ្នក​សម្រាក​នៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១១​នាក់ ក្នុងនោះ​មាន​បុរស​ម្នាក់ មាន​សភាព​ធ្ងន់ ។ ស្ត្រី​ម្នាក់​អាយុ​៤៣​ឆ្នាំ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ហើយ​ស្ត្រី​ម្នាក់ទៀត​អាយុ​៤៧​ឆ្នាំ បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផងដែរ នៅក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​រស់នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប បាន​ធ្លាក់ខ្លួន​ក្នុងស្ថានភាព​បែប​នោះ បន្ទាប់ពី​ពួកគេ​ផឹកទឹក​អណ្ដូង​នៅក្នុង​ចម្ការឪឡឹក​មួយ​ស្ថិតនៅ​វាលស្រែ ជាទី​ដែល​ពួកគេ​ទៅ​ច្រូតស្រូវ​។​

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ ហើយ​ពួកគេ​អាច​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​នៅក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​ទៀត​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា “​ករណី​អ្នក​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ​ខេត្តកំពង់ឆ្នាំង ខ្ញុំ​សូម​ជម្រាបជូន​ថា តាម​របាយការណ៍​ស្តីពី​ករណី​សង្ស័យ​ពុល​ទឹក​ដែលមាន​សារធាតុ​គីមី​ពុល​នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង សរុប​ជនរងគ្រោះ​ចំនួន​១៣​នាក់ ស្រី​៨​នាក់ និង​ប្រុស​៥​នាក់ ដែលមាន​អាយុ​ពី ៤​ឆ្នាំ ដល់ ៥៣​ឆ្នាំ ដោយមាន​ស្លាប់​ចំនួន ២​នាក់ ស្រី​ទាំងពីរ​នាក់ និង អ្នក​សម្រាក​នៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ចំនួន ១០​នាក់ ក្នុងនោះ មាន​បុរស ១​នាក់ មាន​សភាព​ធ្ងន់​។ តាម​របាយ​ការ​ណ៌​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏បាន​រាយការណ៍​ដែរ​ថា តាម​ការសាកសួរ អ្នកភូមិ​ជី​ប្រ៉​ង ទាំងចាស់ និង​ក្មេង​បាន​ទៅ​ច្រូតស្រូវ​នៅ​ព្រៃ​អូរ​គគីរ ឃុំ​ជៀប ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពេលព្រឹក​ថ្ងៃទី​២៤ ប្រហែល​ម៉ោង​១១​ថ្ងៃត្រង់ ពួកគាត់​បាន​អស់​ទឹក​សម្រាប់​បរិភោគ ក៏បាន​ទៅ​ដងទឹក​អណ្តូង​ដែល​គេ​ជីក​នៅតាម​វាលស្រែ​យក​ទឹក​សម្រាប់​ប្រើប្រាស់ និង​យកមក​ចែកគ្នា​បរិភោគ​ពេលបាយ​ថ្ងៃត្រង់ (​សូមបញ្ជាក់ថា​ពេលព្រឹក​នោះ មាន​គេ​ឃើញ​កសិករ​ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​លាយ និង​លាង​ធុង​ថ្នាំ​នៅ​ទីនោះ មុន និង​ក្រោយ​បាញ់ថ្នាំ​ឪឡឹក​គាត់​)​។ ក្រោយពី​ពិសារ​ទឹក​នោះ​បន្តិច​មក មាន​ស្ត្រី​ម្នាក់​ចេញ​សញ្ញា​ក្អួតចង្អោរ តែ​មិនមាន​អ្នក​ចាប់អារម្មណ៍​ថា​ពុល​ថ្នាំ ស្មានថា​ខ្យល់ចាប់ និង​ជា​បន្តបន្ទាប់​មាន​អ្នក​អស់កម្លាំង ឈឺក្បាល ទន់​ដៃជើង ពិបាក​ដកដង្ហើម និង​មាន​រហូតដល់​ស្លាប់​២​នាក់ ហើយ​អ្នក​ធ្ងន់​ម្នាក់​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​តាមដាន​ជា​បន្ត ១០​នាក់​ផ្សេងទៀត​នៅថ្ងៃនោះ​ភ្លាមៗ​។ ប​ច្ច​ប្បន្ន ស្ថាប​ភាព​អ្នកពុល​ទាំង​១០​នាក់ មាន​សភា​ពបាន​ធូរស្រាល​បានចេញ​ត្រឡប់ទៅផ្ទះ​សម្បែង​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​២៧ នេះ​រួចហើយ តែ​ស្ត្រី​ម្នាក់​អាយ​៥៣​ឆ្នាំ ក៏បាន​ធូរស្បើយ​ពី​ការពុល​នេះហើយ តែ​ត្រូវ​នៅ​បន្ត​ព្យាបាល​ដោយសារ​គាត់​មាន​ជំងឺ​សួត ដែល​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញ​”៕

អត្ថបទដែលជាប់ទាក់ទង