ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ពិសា​ស្រាស ដែល​រៀបចំ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ

105

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក​ឮ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាស ដែល​រៀបចំ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចៀស​ផុតពី​ការពុល ដែល​ធ្វើ​ឲ្យ​បាត់​បង់ជីវិត​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ៖ គិត​ត្រឹម​ម៉ោង​១៨​និង​០០​នាទី​នៃ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​មាន​អ្នកមាន​អាការ​:​ពុល ១១ នាក់ (​ស្រី ១​នាក់​) និង នៅ​មណ្ឌល​សុខភាព អភិវឌ្ឍ​ន៌ មាន​បុរស​ចំនួន ២២ នាក់ កំពុង់​សង្គ្រោះ​បឋម​។ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បញ្ជូន​អ្នកមាន​អាការ​:​ពុល​ធ្ងន់ ចំនួន ៤​នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។ សូម​បងប្អូន​កុំ​ពិសា​ស្រាស​ដែល​រៀបចំ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចៀស​ផុតពី​ការពុល ដែល​ធ្វើ​ឲ្យ​បាត់​បង់ជីវិត​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រាស បាន​កើតឡើង​ក្នុងចំណោម​អ្នក​ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុ​ការសង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ដែល​បាន​ស្លាប់​ម្នាក់​ពី​ហេតុការណ៍​សង្ស័យ​ពុល​ថ្នាំ​បាញ់​នេះ ហើយ​ករណី​សង្ស័យ​ពុល​ស្រាស​នេះ ក៏​បណ្តាល​ឲ្យ​មាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​ផងដែរ​។ ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល ធ្វើដំណើរ​ចុះជួយ​ពិនិត្យ​និង​អន្តរាគមន៍​ជួយ​ជាបន្ទាន់​ដោយ​តម្រូវ​ឲ្យ​ធ្វើដំណើរ​ទាំងយប់​នេះ និង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការលក់​និង​ចែកចាយ​ស្រាស​នោះ​ជាបន្ទាន់​ផងដែរ​។ បច្ចុប្បន្ន អ្នក​សង្ស័យថា​ពុល​ស្រា​ចំនួន ៤​នាក់ (​ស្រី ២​នាក់ និង​ប្រុស ២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ សូម​បងប្អូន​ទាំងអស់ កុំ​ពិសា​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​៕​

អត្ថបទដែលជាប់ទាក់ទង