ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន ដេវីដអង្គុយចាំ នៅវគ្គផ្ដាច់ព្រ័ត្រមុនគេ

124

ភ្នំពេញ៖ អ្នកប្រដាល់រិន ដេវីដក្លិបនាគរាជចតុមុខប្រជែង បានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីគូប្រកួត សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់គេគឺធន អៀងឡៃក្លបកងយោធពលខេមរភូមិន្ទ មានបញ្ហាសុខភាព មិនអាចប្រកួតបាន ។

ពួកគេត្រូវជួបប្រកួតគ្នា នាយប់ថ្ងៃទី២៨ វិច្ឆិកា ក្នុងព្រឹត្តិការណ៍TV5 Boxing KInock –Out Serie by Cell Card ។ទោះបីដេវីដទទួលបាន កៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិក៏ពិតមែន ក៏អ្នកប្រដាល់រូបនេះ ត្រូវប្រកួតជាលក្ខណៈមិត្តភាព ជាមួយអ្នកប្រដាល់ សឺន ថៃសាន់ ក្លិបជ្រៃសែនជ័យដែរ ។

សម្រាប់ការប្រកួតជាមិត្តភាពនេះ​ ទោះបីដេវីដចាញ់ក៏គេមានកៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រដែរ ។ សូមបញ្ជាក់ថាសឺន ថៃសាន់ មិនមែនជា អ្នកប្រដាល់ជើងអន់នោះទេ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះដែរ តែគេទទួលបរាជ័យ នៅវគ្គជម្រុះជុំទី២គឺចាញ់ពិន្ទុធន អៀងឡៃតែម្ដង ។ ពេលនេះរិន ដេវីដនៅអង្គុយចាំ ប្រជែងយកលុយរង្វាន់ ៤.០០០ដុល្លារ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយប្រសិនគេចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ ក៏ទទួលបាន២.០០០ដុល្លារដែរ ។

គូប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះសាំង សាលីក្លិបជ្រៃសែនជ័យ ប្រកួតឈ្នះអ្នកប្រដាល់សូដា លីម៉ូក្លិបគោព្រៃគុនខ្មែរ ដោយពិន្ទុទាំងប្រផិតប្រផើយ ។

អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។ ក្នុងការប្រកួតចំនួន ៥ទឹកនោះ ពួកគេមានប្រៀបលើគ្នាទៅវិញ ទៅមកតែការវ៉ៃចេញ របស់សាលីចំគោលដៅ បានច្រើនជាង ពិសេសគេមានក្បាច់វ៉ៃបានល្អ ជាងព្រោះលីម៉ូប្រើបានល្អ តែកណ្ដាប់ដៃប៉ុណ្ណោះ ។

ធន ផានិត ក្លិបកងយោធពលខេមរភូមិន្ទ បង្ខំឲ្យអ្នកប្រដាល់ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ លើកទង់ជ័យ ស សុំចុះចាញ់មុន ស្នូរជួងបញ្ចប់ទឹកទី៣ ។

អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។វិបុលមានកម្លាំងវ៉ៃល្អ តែគេមិនសូវមានស្នៀត ដើម្បីវ៉ៃគូប្រកួត ក្នុងខណៈដែលគូប្រកួតរបស់គេ រហ័សនិងមានផ្លែវ៉ៃបានល្អ ព្រមទាំងការពារបានល្អនោះ ។ វិបុល វ៉ៃចេញច្រើន តែមិនចំគោលដៅ មិនតែប៉ុណ្ណោះ នៅពេលគេបញ្ចេញអាវុធរូបគេ តែងតែត្រូវគូប្រកួត ច្រាស់សងមកវិញ យ៉ាងចាស់ដៃ ។

ដោយសារតែមិនអាចតស៊ូ ជាមួយគូប្រកួតបាននោះ អ្នកប្រដាល់ប៉ុក វិបុលបង្ខំចិត្តចុះចាញ៉គូប្រកួត របស់គេមុនស្នូរជួងបញ្ចប់ទឹកទី៣តែម្ដងទៅ ៕

អត្ថបទដែលជាប់ទាក់ទង