ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តស្ទូច ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង ដាច់​ហ្វ្រាំង បុក​រង្វង់​មូល​ហើយ​បុក​រថយន្ត​ដឹក​ស៊ីម៉ងត៍ កៀប​ជាប់​តៃកុង​រងរបួស​ធ្ងន់​

93

​ភ្នំពេញ ៖ រថយន្តស្ទូច​មួយគ្រឿង បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង ដាច់​ហ្វ្រាំង​ជ្រុល​បុក​ឡើងលើ​រង្វង់​មូល បណ្ដាល​ឲ្យ​ខូចខាត​ហើយ រថយន្ត​មិនទាន់​អស់​ល្បឿន បន្ត​ទៅមុខ​ទាំង​បញ្ច្រាសទិស​ទៅបុក​ចំពាក់​កណ្ដាល​រថយន្ត​សណ្ដោង​ដឹក​ស៊ីម៉ងត៍ បណ្តាល ឲ្យ​កៀប​ជាប់​តៃកុង​រថយន្ត​តែម្ដង ។ តៃកុង​រថយន្តស្ទូច​កៀប​ជាប់​ក្នុងកា​ប៉ី​ន ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជួយ​គាស់​យកចេញ មក​ខាងក្រៅ បញ្ជូនទៅ​មន្ទីរពេទ្យ​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ១២:០២​នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្តស្ទូច​ធុន​ធំ ម៉ាក KATO ពណ៌​លឿង មិនមាន​ផ្លាកលេខ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​រងរបួស​ធ្ងន់​កៀប​ជាប់​ក្នុងកា​ប៉ី​ន និង​មាន​ព្រូ​លើ​រថយន្ត ។ ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀត ជា​ប្រភេទ​រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ ក្បាល​រថយន្ត​ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-4931 និង​កន្ទុយ​សណ្ដោង​ពាក់​ផ្លាកលេខ​ភ្នំពេញ 4A-4928 ដឹក​ស៊ីម៉ងត៍​រាប់​តោន ។​

មុនពេល​កើតហេតុ បុរស​ម្នា​ក់បាន​បើករថយន្ត​ស្ទូច ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​សំរោង ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​ចុះ​ពីលើ​ស្ពាន ដោយ​ឃើញ​អ្នកបើកបរ​ស្រែក​ពី​ក្នុងកា​ប៉ី​ន ប្រាប់​ឲ្យ​អ្នកដំណើរ​ដទៃទៀត​ជៀស​ពីមុខ​រថយន្ត ព្រោះ​រថយន្ត​ដាច់​ហ្វ្រាំង​ហើយ ហើយ​អ្នកបើកបរ​ក៏​សម្រេចចិត្ត​កាច់ចង្កូត​តម្រង់​ឡើង​រង្វង់​មូល ដើម្បី​កុំ​ឲ្យ​បុក​រះ​អ្នកដំណើរ​ដទៃទៀត ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​បុក ឡើងលើ​សួន​រង្វង់ មូល​ស្ពាន​ព្រែក​សំរោង បណ្តាល​ឲ្យ​រង​ការខូចខាត​ដើមឈើ បង្គោល​ភ្លើង​តូចៗ ឃឿន​ចិញ្ចើម​សួន​អស់​មួយចំនួន ហើយ​ភ្លាមៗ​នោះដែរ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន បន្ត​ទៅមុខ​ទាំង​បញ្ច្រាសទិស​ទៅ​ជ្រុល​ទៅបុក​ផ្ទប់​ចំពាក់​កណ្ដាល រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត ដែល​កំពុង​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១១៥ បំណង​ឡើង​ស្ពាន​បណ្តាល ឲ្យ​រួញ​កៀប​ជាប់​តៃកុង​កាប៊ីន​រថយន្ត​តែម្ដង កៀប​ជាប់ជើង​អ្នកបើកបរ​រងរបួស​ធ្ងន់ រើ​មិន​រួច ។​

​ភ្លាមៗ​នោះ បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ រួមទាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ បាននាំគ្នា​យក​ដែក​មកជួយ​គាស់​កា​ប៉ី​ន ដើម្បី​ជួយសង្គ្រោះ​អ្នកបើក​ដែល​កៀប​ជាប់​ក្នុង​កាប៊ីន តែ​គាស់​មិនបាន​ឡើយ ទាល់តែ​យក​ខ្សែកាប​ថ្ពក់​ជាមួយ​ដែក​កាប៊ីន​ទាញ​ចេញ ទើប​អាច​សង្គ្រោះ​អ្នកបើកបរ​យកចេញ​ពី​រថយន្ត​បាន រួច​បញ្ជូន​តាម​រថយន្ត​សឺ​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ដល់​អ្ន​ក​ដំណើរ​តាមផ្លូវ​ថៃ​ហ្គ័​រ និង​លើ​ស្ពាន​ព្រែក​សំរោង​៕​

អត្ថបទដែលជាប់ទាក់ទង