ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីពុលស្រានៅក្នុងស្រុកទឹកផុស សមត្ថកិច្ចចម្រុះឃាត់ខ្លួនអ្នកបិតស្រា៤នាក់ និងបិទកន្លែងផលិតស្រា៣កន្លែង ដកហូតស្រាមួយចំនួន

98

ខេត្តកំពង់ឆ្នាំង៖ ករណីប្រជាពលរដ្ឋនៅស្រុកទឹកផុស ពុលស្រាសចំនួន១០៥ នាក់និងស្លាប់ម្នាក់ទៀត ដែលធ្វើអោយអ្នករងគ្រោះមានការកើនឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ម្សិលមិញនេះ សមត្ថកិច្ចចម្រុះដែលដឹកនាំ ដោយលោកព្រះរាជអាជ្ញារងនៃ អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះធ្វើការ បិទកន្លែងផលិតស្រានិងនិងដកហូតស្រាមួយចំនួននៅក្នុងឃុំពីរ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក លឿន លក្ខិណា មន្ត្រីកាំកុងត្រូល ដែលបានសហការ ចុះប្រតិបត្តិការជាមួយសមត្ថកិច្ចចម្រុះរបស់ខេត្ត បាននិយាយឲ្យដឹងថា គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញ នេះសមត្ថកិច្ចចម្រុះ បានធ្វើការបិទកន្លែងបិត ស្រាសអត់ច្បាប់ ចំនួន ៣កន្លែងនៅក្នុងឃុំខ្លុងពពក និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

ដោយឡែកសមត្ថកិច្ចចម្រុះ ក៏បានដុតកំទេច អង្ករមេស្រា ចំនួន១០ធុង នឹង ២១ ខាប់ផងដែរនិង និងដកហូតស្រាសស្រាថ្នាំតាមរោង និងតាមតូបលក់ដូរក្នុងឃុំទាំងពីរខាងលើនេះ បានចំនួន២០កានកន្លះ យកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីបញ្ជូនទៅកាន់ ឡាបូ ក្រុងភ្នំពេញសំរាប់ត្រួតពិនិត្យ។

ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុងស៊ីថា បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះ និងត្រូវធ្វើបន្តទៀតនៅក្នុងថ្ងៃទី៣០វិច្ឆិកានេះ។ ដូច្នេះលោកមិនអាចបូកសរុបបានពីលទ្ធផលដែលធ្វើបាននៅឡើយនោះទេសម្រាប់ថ្ងៃនេះ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរគឺសមត្ថកិច្ចបានឃាត់ខ្លួន អ្នកបិតស្រា និងលក់ ចំនួន ៤នាក់ ក្នុងនោះមានស្រី ១ នាក់ ដែលត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរអំពីរបៀប បិតស្រានិងការលាយស្រាលក់ និងដើម្បីមានវិធានការទប់ស្កាត់ការពុលស្រាខាងលើនេះផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង