ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្យល់អ្វីដែលកំណាចជាងគេ ?

137

ភ្នំពេញ៖ខ្យល់កំណាចមានច្រើនអ្នកខ្លះគេថាខ្យល់ព្យុះកាច ជាងគេ ខ្លះគេថាខ្យល់កន្ត្រាក់ ខ្លះទៀតគេថាខ្យល់កំបុតត្បូង ហើយក៏មានអ្នកខ្លះគេនិយាយបែបច្រឡើមថា ខ្យល់ផោមទើបជាខ្យល់កាចព្រោះវាស្អុយ ហើយគេនឹងជេរអ្នកដែលផោមនោះ ។
នរណាចង់ថាម៉េចក៏ថាទៅវាជាសិទិ្ធរបស់គេ ចំណែកនាយខ្ញុំនេះវិញអ្ហេះ ខ្យល់ដែលកំណាច គឺខ្យល់ដែលចេញពីក្រអូមមាត់មនុស្ស
តែម្ដង ។ លើកលែងតែក្មេងជំនាន់នេះទេដែលមិនដឹង បើអ្នកដែលកើតក្នុងទសវត្សឆ្នាំ១៩៦០ ទៅនរណាដែលមិនដឹងថារបបខ្មែរក្រហមយ៉ាងម៉េចនោះ ។

ខ្យល់ដែលចេញពីក្រអូមមាត់មេដឹកនាំខ្មែរក្រហម បានធ្វើឲ្យខ្មែររាប់លាននាក់ត្រូវបានសម្លាប់ ។ គេបញ្ជាឲ្យបង្អត់បាយប្រជាជន
បញ្ជាឲ្យក្មេងៗ តាមដានឪពុកម្ដាយខ្លួនឯងបន្ទាប់មកក្មេងៗទាំងនោះ ក្លាយជាឃាតករសម្លាប់មនុស្ស។ ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសស៊ីរី ត្រូវបានពង្រាបដល់ដីដោយសារតែបក្សសម្ព័ន្ធ នៃមេដឹកនាំប្រទេសមានអំណាចមួយរួមគ្នា កម្ទេចដោយសារតែមេដឹកនាំនៃប្រទេសទាំងនេះមិនរណបខ្លួន ។

សាដាម ហ៊ូសេនមេដឹកនាំអ៊ីរ៉ាក់ ត្រូវបានតាមសម្លាប់ដោយសារតែគាត់ មិនរណបអាមេរិក ហើយអាមេរិកចោទប្រកាន់ថាមានលួច
ផលិតអាវុជនុយក្លេអ៊ែរ ។ទីបំផុតបន្ទាប់កម្ទេចអ៊ីរ៉ាក់ ឲ្យក្លាយជាផេះ និងសម្លាប់សាដាម ហ៊ូសេន បានគេបែរជារកមិនឃើញនុយក្លេអ៊ែរនោះទៅវិញ ។ បែបនេះគេហៅថាចង់ស៊ីឆ្កែ បែរជាចោទថាឆ្កែនោះឆ្កួត ។

សម្រាប់ស្រុកខ្មែរពេលនេះ ខ្យល់ដែលកំពុងតែបក់ចេញមកពីបបូរមាត់ក្រុមពួកប្រឆាំង បានបង្ហាញពីចេតនាអូសប្រទេសខ្មែរទៅក្នុងសង្គ្រាមទៀតហើយ ។ គេពង្វក់ខ្មែរឲ្យស្អប់ខ្ពើមគ្នា ស្អប់រដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ។ ហេស ហេ ខ្យល់នេះសាហាវជាងព្យុះស៊ូណាមិទៅទៀត ។
សង្គ្រាមដែលចាស់ជំនាន់មុនបង្កើតឡើង អស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានអ្នកជំនាន់នេះទេ ជាអ្នកពន្លត់ចុះហេតុក៏នៅមានមនុស្ស
មាត់ស្អុយដូចគម្រង់ចង់ធ្វើឲ្យខ្មែរចងគំនុំ ជាមួយខ្មែរគ្នាឯងទៀត ?
ដូចនៅក្នុងរឿងជាតកមួយមានចំណងជើងថា ចោរបោកមិត្តបានតំណាល មានបុរស២នាក់ជាមិត្តភក្តិនឹងគ្នា ។ មិត្តម្នាក់រកស៊ីមានបាន ឯ ម្នាក់ទៀតក្ររហេមរហាម ។
អ្នកក្ររហេមរហាមគ្មានអ្វី ដើម្បីចិញ្ចឹមជីវិតមិនទៅរកមិត្តភក្តិជួយទេ បែរជាទៅធ្វើចោរដើម្បីចិញ្ចឹមជីវិត ។ ចោរនោះទីបំផុតត្រូវជាប់គុកព្រមទាំងត្រូវជាប់គុកចំនួន១២ឆ្នាំ ។សម័យថ្ងៃមួយមិត្តភក្តិទាំង២បានជួបគ្នា ។ អ្នកនៅកក្រៅគុកបានសួរអ្នកជាប់គុកថាហេតុអ្វីបានជា
សម្លាញ់ជាប់គុក ? អ្នកនៅក្នុងគុកបាននិយាយថា ដោយសារតែខ្ញុំធ្វើចោរសូមសម្លាញ់ជួយខ្ញុំផងខ្ញុំគ្មានអ្វីស៊ីទេ ។
អ្នកនៅក្រៅគុកក៏សួរថាតើជួយរបៀបម៉េចទើបបាន ? អ្នកនៅក្នុងគុកតបថាសម្លាញ់ ទៅនិយាយជាមួយឆ្មាំគុកទៅថាសម្លាញ់សុខ
ចិត្តនៅក្នុងគុកជំនួសខ្ញុំ ហើយខ្ញុំសុំធានាថា ខ្ញុំចេញទៅរកអាហារស៊ីតែមួយចំអែត ខ្ញុំមកចូលគុកវិញហើយ ។ ជាមួយនឹងការដោះដូរបែបនេះឆ្មាំគុកក៏យល់ព្រម ។
ចោររូបនោះ ចេញទៅមិនបានត្រឡប់មកវិញឡើយ ឯ សម្លាញ់របស់គេ ដែលមកជាប់គុកជំនួសនោះ នៅក្នុងគុករហូតដល់ថ្ងៃដែល
ព្រះរាជាមានបុត្រហើយព្រះរាជាត្រេកអរ ក៏ដោះលែងអ្នកទោសទាំងអស់ ។ គេចេញពីគុកអស់ តែបុរសនោះមិនចេញឡើយ ។ ឃើញបែបនេះ
ឆ្មាំគុកក៏សួរថាគេទាំងអស់គ្នា រីករាយនឹងចេញទៅរកសេរីភាព ហេតុអ្វីក៏ប្លែកតែឯង មិនព្រមចេញពីគុកបែបនេះ ?

បុរសរូបនោះតបថាមិនមានកំហុសអ្វីសោះជាប់គុក១២ឆ្នាំ ដោយសារតែមានចិត្តធម៌ចំពោះសម្លាញ់ ។​ ឆ្មាំគុកក៏តបថាគុកលែងមានអ្នកទោស ហើយខ្ញុំក៏ត្រូវទៅផ្ទះជួបជុំប្រពន្ធ កូនខ្ញុំដែរ ។ បុរសនោះតប ថាលោកឆ្មាំគុកឯងទៅចុះ បើកតែទ្វារគុកទៅចាំយប់សឹមខ្ញុំចេញព្រោះ
បើចេញពេលថ្ងៃខ្មាសគេណាស់ ។

ពេលយប់ បុរសនោះចេញមែន ហើយគេដើររកអាហារ តែរកមិនបាន ព្រោះអ្នកស្រុកដេកលក់អស់ទៅហើយ ។ ដោយឃ្លានពេក
បុរសនោះដើរចូលក្នុងព្រៃដែលគេយកសាកសពគ្រវាត់ចោល ហើយកាប់សាច់ខ្មោចដែលគេទើបចោលថ្មីៗ មកអាំងស៊ី ។ បន្ទាប់ពីបង្កាត់ភ្លើងហើយស្រាប់តែមានខ្យល់បក់មក​ឯ ភ្លើងក៏រកកលនឹងរលត់ ។

បុរសនោះក៏ស្រាតខោ ស្រាតអាវមកបាំងខ្យល់ ។ អារុក្ខទេវតាដែលរក្សាព្រៃនោះឃើញ ឆ្ងល់ក៏ចុះមកសួរថានែ ! បុរសចម្លែកឯងស៊ី ក៏ខុសគេ ហើយខោអាវរបស់ឯង នឹងអាចបាំងខ្យល់បានទេ ? បុរសនោះតបថាខ្យល់នេះ ខ្ញុំអាចបាំងបានតែបើខ្យល់ចេញពីបបូរមាត់មនុស្សអាក្រក់ ខ្ញុំមិនអាចបាំងបានទេ ។
ខ្ញុំជាប់គុក១២ ឆ្នាំដោយសារតែចាញ់ខ្យល់ ដែលចេញពីបបូរមាត់មនុស្សអាក្រក់ ។ រុក្ខទេវតាងឿងឆ្ងល់ តែក៏ត្រូវបុរសនោះតំណាលប្រាប់ពីរឿងរ៉ាវទាំងអស់ ។ នេះជារឿងជាមួយដែលបង្រៀនមនុស្ស កុំឲ្យឆាប់ជឿលើសំដីផ្អែម របស់មនុស្សដូចគ្នា ៕

អត្ថបទដែលជាប់ទាក់ទង