ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលក្រុងស៊ូវ៉ុន ប្រគល់រថយន្តដឹកសំរាម ១គ្រឿង និងម៉ាសចំនួន ៣ម៉ឺន ជូនសាលាខេត្តសៀមរាប

402

ភ្នំពេញ៖ លោកអភិបាលក្រុងស៊ូវ៉ុន Yeom Tae-young បានស្វាគមន៍ឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជាទៅកាន់ទីក្រុងស៊ូវ៉ុន ដោយស្មោះអស់ពីចិត្ត ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម ១គ្រឿង ព្រមទាំងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយស៊ូវ៉ុន។

   លោកអភិបាលក្រុងស៊ូវ៉ុន បានលើកឡើងថា កម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទីក្រុងស៊ូវ៉ុនធ្លាប់បានទទួលនូវអំណោយម៉ាសចំនួន ២ម៉ឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីត១៩ ដំបូងកាលពីអំឡុងខែមិនាកន្លងមកនេះ ពីខេត្តសៀមរាប។

   លោកបានអះអាងថា អំពើល្អជាសប្បុរសធម៌របស់ប្រជាជនកម្ពុជាចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក។

  ក្រោយពីជំងឺរាតត្បាតសកលនេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសមនស្សរីករាយបំផុត។

  អាស្រ័យដូចនេះហើយបានជាលោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំទស្សនកិច្ចសិក្សាជូនប្រតិភូស្ថានទូតកម្ពុជាឲ្យបានពិនិត្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខសុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យក៏ដូចជារូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជននៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទានរៀនសូត្រ ប្រកបដោយផាសុកភាពគួរឱ្យចង់រស់នៅ។

  សូមជម្រាបថាប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា១ម៉ឺន ៥ពាន់នាក់។

  ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូលដូចជាខេត្តកណ្ដាលរបស់យើងអញ្ចឹងដែរ និងមានប្រជាជនចំនួន១៣០០០០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង