ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ BIE បានចូលរួម “សន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៧” នៅទីក្រុងប៉ារីស ប្រទេសបារាំង

106

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនាមជា ប្រតិភូកម្ពុជាប្រចាំការិយាល័យពិព័រណ៍អន្តរជាតិ (Cambodia Delegate to the BIE) បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម “សន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៧” ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈប្រព័ន្ធវីឌីអូ ដើម្បីតាមដានវឌ្ឍនភាពការងារនៃដំណើរការរៀបចំពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។

កិច្ចសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Jai-chul Choi ប្រធានការិយាល័យពិព័រណ៍អន្តរជាតិ BIE និងមានការចូលរួមតាមរយៈប្រព័ន្ធវីឌីអូពី លោក Dimitri Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE ព្រមទាំងប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៦៩។

អង្គសន្និបាត បានធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រជុំដែលមានភ្ជាប់ជាមួយ នូវសំណើសុំការសម្រេចផ្សេងៗ របស់គណៈកម្មការទាំងបួននៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេស “ពិព័រណ៍ពិភពលោកឌុយបៃ២០២០” ពិព័រណ៍អន្តរជាតិ “Milan Triennale 2022” នៅប្រទេសអ៊ីតាលី “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២១” នៅទីក្រុងដូហា ប្រទេសកាតា “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២២” នៅទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់ និង “ពិព័រណ៍ពិភពលោក២០២៥ អូសាកា” ប្រទេសជប៉ុន។

លទ្ធផលសំខាន់ៗ នៃសន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៧ មានដូចខាងក្រោម៖
– អង្គសន្និបាត បានទទួលស្គាល់ការចុះបញ្ជីការ ពិព័រណ៍ពិភពលោក ២០២៥ (World Expo 2025 Osaka Kansai) នៅប្រទេសជប៉ុន ដោយបានប្រគល់ទង់ជាតិ BIE ជាតំណាងជូនគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក Sadayuki Sakikibara ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងប៉ារីស
– អង្គសន្និបាត បានឯកភាពផ្លាស់ប្តូរកាលបរិច្ឆេទនៃការរៀបចំ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ នៅទីក្រុងដូហា ប្រទេសកាតា ពីឆ្នាំ២០២១ ទៅកាលបរិច្ឆេទថ្មី (2 October 2023 – 28 March 2024)
– អង្គសន្និបាត បានអនុម័តយល់ព្រមលើការកែសម្រួល “បទបញ្ញត្តិទូទៅ (General Regulation) និងបទបញ្ញត្តិពិសេស (Special Regulations) មួយចំនួន របស់គណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងអន្តរជាតិនានា តាមការស្នើសុំពីគណៈកម្មការទាំងបួននៃការិយាល័យ BIE
– អង្គសន្និបាត បានអនុម័តយល់ព្រមលើការកែសម្រួល “បទបញ្ញត្តិទូទៅគំរូរបស់ការិយាល័យ BIE ស្តីពីការចុះឈ្មោះ និងការទទួលស្គាល់ពិព័រណ៍អន្តរជាតិនិងពិព័រណ៍ពិភពលោកនានា ព្រមទាំងកិច្ចសន្យា និងនីតិវិធីមួយចំនួនទៀត
– អង្គសន្និបាត បានទទួលស្គាល់ ពិព័រណ៍ Triennale di Milano លើកទី២៣ របស់ប្រទេសអ៊ីតាលី ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ជាពិព័រណ៍អន្តរជាតិផ្លូវការ
– អង្គសន្និបាត បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេស ពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដែលប្រទេសកម្ពុជាយើងកំពុងត្រៀមលក្ខណៈចូលរួមផងដែរ
– អង្គសន្និបាត បានជម្រាបអង្គប្រជុំថា រហូតមកដល់ពេលនេះ មានបេក្ខជន ០២ គឺប្រទេសកូរ៉េខាងត្បូង និង ប្រទេសរុស្សី បានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកនៅឆ្នាំ២០៣០
– អង្គសន្និបាត បានប្រកាសយក ខែមិថុនា ឆ្នាំ២០២១ (ជូនដំណឹងថ្ងៃតាមក្រោយ) សម្រាប់កិច្ចប្រជុំបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង