ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19

138

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ក្នុងចំណោមប្រជាជនរុស្ស៊ី ជាលក្ខណៈទ្រង់ទ្រាយធំ នៅចុងសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Moscow Times នៅយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោកពូទីន បានប្រាប់ឧបនាយករដ្ឋមន្រ្តី លោក Tatiana Golikova ដែលទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងនឹង Covid-19 របស់ប្រទេសរុស្ស៊ី នៅក្នុងសន្និសីទវីដេអូមួយ នៅថ្ងៃពុធនេះយ៉ាងដូច្នេះថា «ចូររៀបចំដំណើរការនេះ ដើម្បីបើកដំណើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដោយត្រូវចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយ»។

ប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា វ៉ាក់សាំង Sputnik V ប្រមាណ ២លានដូស បានត្រៀមរួចរាល់ហើយ ឬនឹងត្រូវផលិតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិត និងគ្រូជនជាតិរុស្ស៊ី អាចទទួលបានការចាក់វ៉ាក់សាំងចំនួន ២ដូសភ្លាមៗបាន។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ រុស្ស៊ីបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ២៥,៣៤៥ករណី និងស្លាប់ ៥៨៩នាក់ទៀតនៅថ្ងៃពុធនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនលើស ២,៣៤៧,៤០០ នាក់ ក្នុងនោះស្លាប់ ៤១,០៥៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង