ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចូ បៃដិន បាននិយាយថា លោកមានផែនការកែប្រែគោលនយោបាយមួយចំនួនធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

98

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា លោកមានផែនការកែប្រែគោលនយោបាយមួយចំនួនធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកក្លាយជា ប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការនៅខែមករា ឆ្នាំ២០២១។ តែចំពោះបញ្ហាពាណិជ្ជកម្ម លោកនឹងផ្ដោតទៅលើការរៀបចំ យុទ្ធសាស្ត្រថ្មី ឬធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលនយោបាយរបស់លោក ត្រាំ ជាជាងធ្វើការផ្លាស់ប្ដូរទាំងស្រុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោក បៃដិន លើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ។ លោក បៃដិន ដែលបានផ្ដួលលោក ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានកត់សម្គាល់ថា ការងារដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី នោះគឺស្ដារសេដ្ឋកិច្ចជាតិ ដែលកំពុងរងគ្រោះដោយសារ COVID-19 មិនមែនផ្ដោតតែសំខាន់ទៅលើ ការផ្លាស់ប្ដូរគោលនយោបាយនោះទេ។
ការលើកឡើងដូចខាងលើ គឺប្រធានាធិបតីជាប់ឆ្នោតវ័យ ៧៨ឆ្នាំរូបនេះ អាចនឹងកែប្រែគោលនយោបាយមួយចំនួនធំ របស់លោក ដូណាល់ ត្រាំ ប៉ុន្តែពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម លោក បៃដិន ត្រូវបានគេមើលឃើញថា នឹងនៅតែរក្សាយុទ្ធសាស្ត្រមួយចំនួនរបស់លោក ត្រាំ ដដែល ដោយខុសត្រង់ការអនុវត្តតែប៉ុណ្ណោះ។ ជាក់ស្ដែង លោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថា លោកនឹងមិនលុបចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលលោក ត្រាំ បានចុះហត្ថលេខាជាមួយចិន កាលពីដើមឆ្នាំ២០២០កន្លងទៅ ភ្លាមៗនោះទេ។

ផ្ទុយពីលោក ត្រាំ ដែលប្រកាន់ភ្ជាប់នូវពាក្យស្លោក «ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» ឬ MAKE AMERICA GREAT AGAINT លោក បៃដិន វិញក៏មានពាក្យស្លោកផ្ទាល់ខ្លួនរបស់លោកដែរ នោះគឺ «បង្កើតមិត្តម្ដងទៀត» ឬ MAKING FRIENDS AGAIN ដែលលោកផ្ទាល់យល់ថា ជាយុទ្ធសាស្ត្រប្រមូលកម្លាំងសម្ព័ន្ធមិត្តអាមេរិក
ឡើងវិញ ដើម្បីដោះស្រាយជាមួយចិនដ៏មានប្រសិទ្ធភាព លើបញ្ហាជាច្រើន។
«ខ្ញុំគិតថាយុទ្ធសាស្ត្រល្អដោះស្រាយជាមួយចិន នោះគឺប្រមូលកម្លាំងសម្ព័ន្ធមិត្តរបស់យើងឡើងវិញ ឱ្យមកនៅលើគោលការណ៍តែមួយ ហើយនេះនឹងក្លាយជាកិច្ចការអទិភាព ដែលខ្ញុំត្រូវធ្វើនៅសប្ដាហ៍ដំបូង នៃការចាប់ផ្ដើមអាណត្តិប្រធានាធិបតីរបស់ខ្ញុំ»។ នេះបើជាការបញ្ជាក់របស់លោក ចូ បៃដិន។

គួរបញ្ជាក់ថា ដូចគ្នាទៅនឹងលោក ត្រាំ ដែរ លោក ចូ បៃដិន បានអះអាងថា លោកនឹងនៅតែបន្តគោលនយោបាយ ប្រឆាំងការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលអាមេរិកចោទថា មិនត្រឹមត្រូវ ទៅលើបញ្ហាចម្បងៗមួយចំនួន ប៉ុន្តែវិធីសាស្រ្តដែលលោក បៃដិន ត្រូវប្រើដើម្បីទប់ទល់ចិន គឺនឹងខុសពីអ្វីដែលលោក ត្រាំ ធ្លាប់បានប្រើកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង