ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

84

 

សៀមរាប៖ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាឲ្យដឹងនៅថ្ងៃទី ០២ធ្នូនេះថា៖ អាជ្ញាធរខេត្ត និង អនុគណក្រុងសៀម រាប សម្រេចមិនអនុញ្ញាត ឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញ ក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅបានទៀតឡើយ បន្ទាប់ពីគ្រួសារ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹកនិង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈម នៃការឆ្លងជំងឺកូវីដ-១៩ និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុង សហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប និង មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង២៦អង្គ រយៈពេល១៤ថ្ងៃ មិនឱ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គមិនមានឆ្លងកូវីដ-១៩នេះក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័ក នៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ដ ឲ្យបានខ្ជាប់ខ្ជួន ផងដែរ ។

ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ក៏បានសំណូមពរ ដល់ព្រះសង្ឃនៅតាមវត្តអារាមនានាឯទៀត ក៏ មិនគួរអនុញ្ញាតឲ្យភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេល ឬអាល់កុលសម្រាប់លាងសម្អាតដៃ ត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ ម៉ែត្រ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ-១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕.សំរិត

 

អត្ថបទដែលជាប់ទាក់ទង