ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌច្បារអំពៅ ចុះចែកម៉ាស ជូនដល់អ្នកដំណើរ ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍

79

 

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០២ ខែធ្នូ ២០២០ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងធ្វើការចុះចែកម៉ាស ចំនួន២០០០ម៉ាស់ ជូនដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវ នៅចំណុចភ្លើងស្តុបផ្លូវជាតិ លេខ១ ផ្សារច្បារអំពៅ និង៤០០០ម៉ាស់ទៀត ប្រគល់ជូន ប៉ុស្ត៍នគរបាលរដ្ឋបាលទាំង៨ យកទៅចែកជូនប្រជាពលរដ្ឋបន្តទៀត ដើម្បីយកទៅប្រើប្រាស់ ការពារមេរោគកូវីដ ១៩។ ម៉ាសខាងលើនេះ ជាអំណោយរបស់សាលារាជធានីភ្នំពេញ។

សកម្មភាពចុះចែកម៉ាស របស់នគរបាលខណ្ឌច្បារអំពៅនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចបញ្ចេញ ម៉ាសជាលើកទី២ ចំនួន១លានម៉ាសទៀត ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខេត្តសៀមរាប ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ ហើយដល់ពេលនេះ សម្ដេចតេជោ នៅបានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឱ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាសមកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយ ឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ–១៩ក្នុងដំណាក់កាល នៃការរីករាលដាលចូលដល់សហគមន៍នាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង