ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល

62

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ បឹងត្របែកផងដែរ។   លោក ថេង សុថុល ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ។ លោកប្រធានអនុសាខា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ រួមសហការគ្នាបន្ថែមទៀត ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងខិតខំយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា តាមចំណាត់ការណែនាំ និងការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន អោយមានប្រសិទ្ធភាព ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់កុំឱ្យមានជំងឺឆ្លង កូវីត១៩ ចូលក្នុងសមាគមឲ្យបានដាច់ខាត ។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។

លោក សុន សិទ្ឋី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ទឹកដោះគោ មី និងថវិកា ២ម៉ឺនរៀល ៕

 

 

អត្ថបទដែលជាប់ទាក់ទង