ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មសម្លាប់​មនុស្ស ដាក់ចូលក្នុងឡាន រួចយកទៅប្លុងចោល ចាប់ជន​ជាតិចិន​៣​នាក់

68

 

​ព្រះសីហនុ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​៣​នាក់ ក្នុងករណី​ឃាតកម្ម​វាយបំបាក់​ក​ជន​ជាតិចិន​ម្នាក់ ហើយ​យក​សាកសព​ដាក់​ក្នុង​រថយន្ដ​Highlander​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ បានទទួល​ព័ត៌មាន​ពី​ការប្រទះឃើញ​សាកសព​ក្នុង​រថយន្ដ​Highlander ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AC-3012 ចត​ទុកចោល​នៅ​បណ្ដោយ​វិថី​លេខ​៨៣៥ ម្ដុំ​គោលដៅ​P12 ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ ។ ក្រោយពេល​ពិនិត្យ និង​កោសល្យវិច័យ ជា​លទ្ធផល សព​ភេទ​ប្រុស ជា​ជន​ជាតិចិន (​មិន​ស្គាល់​អត្ដ​សញ្ញាណ​) ស្លាប់ ដោយ​ករណី​ឃាតកម្ម​(​បាក់ក​ស្លាប់​) ។​

​នៅវេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ LI FENG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ជា​សន្ដិសុខ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ស្នាក់នៅ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ ខណៈពេល​ជននេះ រួម​នឹង​បក្ខពួក​បម្រុង​គេចខ្លួន​ពី​កន្លែង​ស្នាក់នៅ ។ ក្រោយពេល​សាកសួរ និង​តាម​ការចង្អុលបង្ហាញ​ពីសា​ក្សី ជនសង្ស័យ​ខាងលើ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ នៅ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ដោយ​រូបគេ​និង​បក្ខពួក​បាន​យក​សាកសព​ចុះ​ពី​ជាន់​លើ​នៃ​កាស៊ីណូ ចុះមក​ក្រោម​ដាក់ចូល​ក្នុង​រថយន្ដ​ម៉ាក Highlander ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AC-3012 យកទៅ​ប្លុង​ចោល ។

​នៅវេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បន្ដ​ប្រតិ​ប​ត្ដិ​ការ ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចុះទៅ​កាន់​ទីតាំង​កាស៊ីណូ​ជៀវ​ឡុង​ជូរ​(​កន្លែងកើតហេតុ​) ។

​ជា​លទ្ធផល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្នុងករណីនេះ​សរុប​ចំនួន​៣​នាក់ ជនជាតិ​ចិន​៣​នាក់ (​ស្រី​១) ដែល​ក្នុងនោះ​មាន​៖
១-​ឈ្មោះ Li Feng ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្ដិសុខ​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ​៖EE6258754 ស្នាក់នៅ​កន្លែងកើតហេតុ (​ជា​ចារី​) ។ ២-​ឈ្មោះ Yu Yan Long ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្ដិសុខ​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ​៖EH1515086 ស្នាក់នៅ​កន្លែងកើតហេតុ (​ជា​សហចារី​)​។ ៣-​ឈ្មោះ Tu Lin ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជនជាតិ​ចិន មុខរប​រៈ​អ្នកគ្រប់គ្រង​បុគ្គលិក​ជនជាតិ​ចិន កាន់​លិខិត ឆ្លងដែន​លេខ​៖G53041257 ស្នាក់នៅ​កន្លែងកើតហេតុ (​អ្នកសមគំនិត​)​។​

​សម្ភារ​វត្ថុតាង​ចាប់​ដកហូត​បានរួម​មាន​៖ -​រថយន្ដ​១​គ្រឿង​ម៉ាក Highlander ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AC-3012 (​មធ្យោបាយ​ធ្វើ​សកម្មភាព​) -​ក្បាល​ឌី​វី​អ័​រ ចំនួន​២​គ្រឿង (​មាន​លេខ​៖E24204346 និង​លេខ​៖E2420304) -​ហាត​ឌី​ស ចំនួន​១​គ្រឿង មាន​លេខ​៖ZGY6KRV4 ។ -​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង -​លិខិតឆ្លងដែន​ចំនួន ២​ក្បាល​(​លេខ​៖G53041257 និង​លេខ​៖EH1515086)
-​កាបូបស្ពាយ​ពណ៌​ខ្មៅ ចំនួន​១ -​រថយន្ដ​១​គ្រឿង​ស្ដា​រិ​ក ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​៖​ភ្នំពេញ​2AZ-9280​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​សម្ភារ​វត្ថុតាង សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ កំពុង​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង