ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អាជ្ញាធរ​ក្រុង​ចុះ​បិទ​កន្លែង​បូម​ខ្សាច់​របស់​ឧកញ៉ា លឹម ស្រូ​យ ២​កន្លែង នៅ​សង្កាត់​បាក់​ខែង ខណៈ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ឆ្លើយថា​អត់​ដឹង​

86

​ភ្នំពេញ ៖ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កាលពី​ម្សិល​ម៉ិ​ញ រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​ថា​៖ ក្នុង​សង្កាត់​បាក់​ខែង​សំបូរ​ណាស់ ការដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​លាន់ឮ​កងរំពង​ពេញ​ភូមិ​.​មិនដឹងថា​មានច្បាប់ ឬ​អត់​ច្បាប់ ក្នុងនោះ​ពួកគាត់​បង្ហើប​ថា​៖ គ្រាន់តែ​ក្នុង​មូលដ្ឋាន​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ពួក​ឈ្មួញ លូច​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់ មាន​ប្រមាណ​៥-៦​កន្លែង ក្នុងនោះ​ទីតាំង​របស់​ឧកញ៉ា លឹម ស្រូ​យ ២​កន្លែង ធ្វើ​អា​ជី​កម្ម​បូម​ខ្សាច់​យ៉ាង​ចាស់ដៃ នៅ​ទីនោះ និង​ជា​បុគ្គល​ម្នាក់ ខាង​បូម​ខ្សាច់​លោតឆ័ត្រ​ដ៏​ល្បី​ផងដែរ​កន្លងទៅ គឺ​ធ្លាប់​បូម​ខ្សាច់​ពី​ទន្លេសាប ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ទម្លុះ​ផ្លូវជាតិ​លេខ​៥ បូម​ខ្សាច់​ដាក់ចូល បឹង​សំរោង​។

បច្ចុប្បន្ន​ឧកញ៉ា លឹម ស្រូ​យ បានដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង យ៉ាង​សុខសាន្ត ទទួលបាន​ភាពកក់ក្តៅ​ពី​អាជ្ញាធរ ប៉ុន្តែ​គេ​ពុំ​ដឹងថា មានច្បាប់​អនុញ្ញាត ឮ​ក៏​លោតឆ័ត្រ​នោះដែរ ។ ទីបំផុត​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ តំណាង​អភិបាល នៃ​គណៈ​អភិបាល និង​ជា​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ គឺ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ មានការ​សហការ​ចូល​រួម​ពី​អាជ្ញាធរ​សង្កាត់ ខណ្ឌ ពិតជា​ទទួលស្គាល់ថា ការដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់ គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មែន ។ ចំណុច​នេះ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ៖ ការដាក់​អ៊ូ​បូម​ខ្សាច់​រាប់សិប​ឆ្នាំ​មកហើយ ហេតុ​អី​ក៏​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ មិន ដឹង​សោះ ឬមួយ​កន្ទេល​ធំ​បន្លំ​ដេក អាច​ក្លាយជា​មន្ត្រី​គ្រាប់​ល្ពៅ​..! ។ ចុះបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនបាន​ដកស្រង់​សំដី​ប្រជាពលរដ្ឋ​បាន ឲ្យ​ដឹង​ដល់​ថ្នាក់លើ​ទេ សួរថា តើ​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ គាត់​គ្មាន​សមត្ថភាព​ទ​ទួល​ព័ត៌មាន ជុំវិញ​ការដាក់​ទីតាំង​អ៊ូ​បូម​ខ្សាច់​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​នោះ​មែន ឬក៏​លាក់​អាថ៌កំបាំង​ថ្នាក់លើ​..? ប្រជាពលរដ្ឋ​ត្រេកអរ ខណៈ​បានឃើញ​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ចុះមក​ទីតាំង​ពិនិត្យ​ដោយផ្ទាល់ បន្ទាប់ពី​មាន​ព័ត៌មាន​សង្គម បាន​បង្ហោះ​ព្រោងព្រាត អំពី​រឿងនេះ​។​

​លោក គង់ ប៊ុនលី ចៅសង្កាត់​បាក់​ខែង បានឱ្យដឹង​ដែរ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​ថា​៖ អាជ្ញាធរ​ក្រុង​ពិតជា​បាន​ចុះមក​ពិនិត្យ​ទីតាំង​នេះ មើល​មែន​នៅ កន្លែង​ទីតាំង​ដាក់​អ៊ូ​បូម​ខ្សាច់ ក្នុង​សង្កាត់​បាក់​ខែង ប៉ុន្តែ​លោក​មិនទាន់ ដឹង​ពី​គោលការណ៍​ថ្នាក់លើ​មាន​
​ចំណាត់ការ​បែបណា ពីព្រោះ​ចៅសង្កាត់រង​ម្នាក់​បាន​ទៅ​ចូលរួម នឹង​មិនទាន់​រាយការណ៍​ជូន​មក​លោក​នៅឡើយ​។​

​លោក គង់ ប៊ុនលី ចៅសង្កាត់​បាក់​ខែង បាន​បន្តថា​៖ ឋានៈ​ត្រឹម​ខ្ញុំ​ថ្នាក់មូលដ្ឋាន​គេ​មិន​ស្តាប់​ទេ អាង​អី​ពី​ថ្នាក់ លើៗ ដល់ពេលនេះ​ថ្នាក់​លើក​ចុះមក​ដឹង​ហើយ​ថា​យ៉ាង​មេច​. ! លោក​ថា ខ្ញុំ​សុំ​តែ​សុខ និង​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្ញុំ​ស្រឡាញ់​បាន​ហើយ ល្មមៗ​ខ្ញុំ​មិន​ហ៊ាន​ទេ​ខ្លាច​ជ្រុះ​ស័ក្តិ​ពី​ស្មា ។​

​សូមបញ្ជាក់ថា​៖ ទីតាំង​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង មិន​ត្រឹមតែ​ឧកញ៉ា លឹម ស្រូ​យ ជា​ជើង​ខ្លាំង​មានឱកាស​បូម​ខ្សាច់​រាប់​ឆ្នាំ​នៅ​ទីនោះ​ទេ គាត់​មាន​ទីតាំង​ដល់​២​កន្លែង បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ និង​ជា​មេខ្លោង​ខាង​ណា ចេញមុខ​កាង​រត់ការ​ឱ្យ​ទីតាំង​ដាក់​អ៊ូ​សា​ឡង់​បូម​ខ្សាច់​ជាច្រើន​កន្លែង នៅ​មូលដ្ឋាន​សង្កាត់​បាក់​ខែង ហើយ​មានឈ្មោះ​ជាតិ មិនដឹងថា ជា​អភិបាលខណ្ឌ​ជ្រោយចង្វា​ផុត​លេខ ឬ​ជា​បុគ្គល​មកពី​ក្រហែង​មេឃ​ណា​ទេ ឮ​ល្ហៀ​ងៗ​ថា មាន​ឥទ្ធិពល​ប្រមូល​លុយ​ពី​ទីតាំង​ដាក់​អ៊ូ​បូម​ខ្សាច់​ទាំងនោះ រហូតដល់​មាន​ពាក្យ​ច​ចាម​រ៉ា​ម​ខ្លះ​ថា ឈ្មោះ ជាតិ​មាន ដាក់​ហ៊ុន​ខ្លះ​ដែរ ជាមួយ​ឧកញ៉ា លឹម ស្រូ​យ​។​

​ពាក់ព័ន្ធ​ករណីនេះ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ឧកញ៉ា លឹម ស្រូ​យ បានបញ្ជាក់​បណ្ដាញ​ព័ត៌មាន​ថា​៖ កន្លែង​ខ្ញុំ​មានច្បាប់ មិនមែន​ចេញ​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​ទេ គឺ​ចេញ​ដោយ​ក្រសួងការពារជាតិ ក្នុង​រុករក​គ្រាប់​យុទ្ធភណ្ឌ​ក្នុង​ទន្លេ ជាក់ស្តែង​ក្រុមហ៊ុន​ក៏​បូម​រុក​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម រហូតដល់​៧​គ្រាប់​ឯណោះ​។​

​លោក​ឧកញ៉ា លឹម ស្រូ​យ បាន​បន្តថា​៖ ដោយឡែក​កន្លែង​ដាក់​អ៊ូ​មាន​សា​ឡង់​ម៉ាស៊ីន​បូម​ខ្សាច់ មិនមែនជា​របស់គាត់​ទេ ប៉ុន្តែ​គាត់​ជួល​ដី​នោះ​ទៅ​ឲ្យ​ឧកញ៉ា លាង ឃុន ដើម្បី​បូម​ខ្សាច់​ទៅ​អភិវឌ្ឍន៍​នៅ​ម្តុំ​ក្រោ​ន​ភ្នំពេញ ហើយ​ព្រឹក​ថ្ងៃទី​៤​ធ្នូ ឆ្នាំ​២០២០ ស្រាប់​តែមាន​ខាង​អាជ្ញាធរ​ក្រុង និង​ខណ្ឌ សង្កាត់ តម្រូវឱ្យ​ពួកគាត់​ធ្វើការ​ស្នើសុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ខាង​ក្រុង​ទុកពេល​ឱ្យ​រយៈពេល​១​ខែ​។​

ដោយឡែក​ចំពោះ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​ឈ្មោះ ជាតិ មាន​ហ៊ុន​ជាមួយ​គាត់ គឺ​លោក​ឧកញ៉ា លឹម ស្រូ​យ បានធ្វើ​ការបដិសេធ ដោយ​និយាយថា​៖ ខ្ញុំ​មិន​ឲ្យ​អ្នកណា​មក​ដាក់​ហ៊ុន​ជាមួយ​ខ្ញុំ​ទេ បើ​ឈ្មោះ​ជាតិ នោះ​កាន់តែ​មិនមែន​ទៀត ខណៈ​ជាតិ គាត់​មាន​លុយ​ឯណា មករក​ស៊ី​ជាមួយ​ខ្ញុំ រួច​លោក​ក៏​សុំ​បញ្ចប់​ការ​បក ស្រាយ​សិន ព្រោះ​លោក ឃ្លាំង ហួត កំពុង​ទូរស័ព្ទ​មកកាន់​គាត់ ។​

​លោក ឃ្លាំង ហួត អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជាក់ថា​៖ ថ្ងៃនេះ​ខាង​អាជ្ញាធរ សាលា​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ នៅ​ទីតាំង​នេះ​មែន ដោយសារ​ថ្ងៃមុន​មាន​បណ្តឹង​មួយ ចូលមក​ខ្ញុំ ខ្ញុំ​ក៏​ចុះទៅ​បិទ ដល់​ចុះទៅ​បិទ​ខាង​ហ្នឹង​គេ​ខឹង ថា គាត់​រកស៊ី​មិនបាន គេ​រកស៊ី​បាន តែ​គាត់​ស្តាប់​ខ្ញុំ​មិនបាន ខ្ញុំ​ប្រាប់​គាត់​ថា ការរកស៊ី​ទទួលទាន​ក្នុង​មូលដ្ឋាន​ខ្ញុំ ខ្ញុំ​គាំទ្រ​ខាង​អភិវឌ្ឍន៍​ប្រទេសជាតិ ទី​១-​មានច្បាប់ ,​ទី​២-​ត្រូវ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​ទី​៣ -​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន រួច​ក៏​បិទ​ទូរស័ព្ទ​ទៅវិញ ។

បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​៖ ការ​ទម្លុះ​ផ្លូវជាតិ​លេខ​៦ ចាំបាច់​ត្រូវធ្វើ​លិខិតស្នើ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនមែន​ចេះតែ​ទម្លុះ​តាមចិត្ត​ទេ ហើយ​ការស្នើសុំ​នេះ​ទៀតសោត​ខាង​ក្រសួង ក៏​មិន​សំដៅថា អនុញ្ញាត​ឲ្យ​ដែរ សំខាន់​ត្រូវឱ្យ​ខាង​ជំនាញ​បច្ចេកទេស ទៅពិនិត្យ​វាយតម្លៃ ថា​ឲ្យ​ច្បាប់​ឬ​មិនឱ្យ ។ បើ​អនុញ្ញាត​ក៏ត្រូវ​អនុវត្តតាម​គោលការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំណត់ ដើម្បី​ផលប្រយោជន៍​ជាតិ លើ​វិធាន ការការពារ​ផ្លូវជាតិ ដែល​បាន​ស្ថាបនា​ហើយ​នោះ​។

លោក​បន្តថា​៖ នៅ​ផ្លូវជាតិ​លេខ​៦​អា មានការ​ទម្លុះ​ផ្លូវជាតិ​ដាក់​ទុយោ​បូម​ខ្សាច់ ហើយ​មាន​ច្រើន​កន្លែង ទៀត​នោះ ពិតណាស់ថា ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​អនុញ្ញាត​ច្បាប់​ឲ្យ​ទេ ។

​ប៉ុន្ដែ​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​បានទេ​ពី​លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មូលហេតុ​អី​ខាង​អាជ្ញាធរ​ក្រុង ចុះមក​ពិនិត្យ​ហើយ​តម្រូវ​ឲ្យ​ធ្វើ​ច្បាប់ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ជាប់រវល់​រហូត​។​

​គេ​សង្ស័យថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ទើប នឹង​ដឹងថា ទីតាំង​ដាក់​អ៊ូ​សា​ឡង់​ម៉ាស៊ីន​បូម​ខ្សាច់​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​ធ្វើ​អាជីវ​ម្ម​លោតឆ័ត្រ (​ឯកសារ​មិន​គ្រប់លក្ខណៈ​) ទោះ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល ឲ្យ​បូម​ខ្សាច់កណ្តាល ទន្លេ​ក៏ដោយ បើ​ធ្វើ​អាជីវកម្ម​ដាក់​អ៊ូ​ម៉ាស៊ីន​បូម​ត​ភ្ជាប់​សា​ឡង់​នៅ​មាត់ច្រាំង​ទន្លេ ក៏ត្រូវ​មានការ​ឯកភាព​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ -​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ទើប​ធ្វើ​អាជីវ​កម្មបាន ។ ទីបំផុត​..! ដាក់​អ៊ូ​បូម​ខ្សាច់​ជាច្រើន​ទីតាំងនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាប់សិប​ឆ្នាំ ទើបនឹង​បែកធ្លាយ​ថា អត់​មាន លិខិតអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​..! ចុះ​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ គាត់​មើលមិនឃើញ គាត់ មិន​ថ្លង់​ម៉ាស៊ីន​ទេ​អី​..? ឬមួយ​កន្ទេល​ធំ​បន្លំ​ដេក​.? ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង