ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកក្លែងព័ត៌មាន អំពីកូវីដ-១៩ ម្នាក់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ

764

តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរ ជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka​ Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ​ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះ បានផ្ទុយពីការពិតទាំងស្រុង។ ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី បានចេញបញ្ជាឱ្យនាយកដ្ឋានជំនាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីបញ្ឈប់ការចែកចាយព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចល នៅក្នុងសង្គម។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។

ស្ត្រីឈ្មោះ​ ឈិន​ មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មាន ដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅ ក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថា មានអ្នកយកទៅចែកចាយ បន្តយ៉ាងច្រើនដែល ធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ស្ត្រីឈ្មោះ ឈិន​ មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណា           ដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭក ដល់អ្នកលេង ក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណា ដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចល ដល់សង្គមជាតិទាំងមូលថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង