ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកកំណាច វាយធ្វើបាបកូនយ៉ាងព្រៃផ្សៃ បង្ហោះក្នុងហ្វេសប៊ុក ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

157

ភ្នំពេញ៖ បុរសម្នាក់ ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅវាយធ្វើបាបកូនប្រុសខ្លួនឯង ហើយត្រូវបានថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួន មកសួរនាំនៅរសៀលថ្ងៃទី១៥ ខែមិថុនានេះនៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកឧត្តមសេនីយ៍ឯក​ ប៉ុល​ ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ស្នាក់នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកកុមាររងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ ជាកូនប្រុស។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ពេលនេះជនសង្ស័យ វាយធ្វើបាបកូនបង្កើតនោះ កំពុងសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ។

នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនប្រុសម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ៕

 

អត្ថបទដែលជាប់ទាក់ទង