ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឯម ច័ន្ទមករា ៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាពអាចមានសិទ្ធិទទួល ប័ណ្ណបើកបរស្របច្បាប់ ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានហើយ

52

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងនៅថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០នេះថា៖ ក្នុងនាមលោក តំណាងឲ្យជនពិការភាព លោកសូមសម្តែងនូវ ក្តីសប្បាយ រីករាយ និងអបអរសាទរចំពោះជនមានពិការភាព ដែលអាចមានសិទ្ធិទទួលប័ណ្ណបើកបរនៅព្រះ រាជាណាចក្រកម្ពុជាបានហើយ គណៈពីមុនជនពិការភាព មិនមានសិទ្ធ ទទួលបានប័ណ្ណបើកបរបាននោះ ។

លោក ឯម ច័ន្ទមករា បានឱ្យដឹងទៀតថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយាន យន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ) តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។

ឯម ច័ន្ទមករា បានបន្ថែមថា ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជាហ្នឹងហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅ កង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាព សម ស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេសដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេសហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង ។

នេះជាការបញ្ជាក់បន្ថែមរបស់លោក ឯម ច័ន្ទមករា
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលដែលបានចូលរួមធ្វើឱ្យប្រកាសអន្តរក្រសួងនេះចេញជារូបរាងក្នុងទិសដៅបម្រើឲ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឯម ច័ន្ទមករា ក៏សូមគោរពថ្លែងអំណរគុណចំពោះ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានផ្ដល់ការគាំទ្រនិងឯកភាពដាក់ឲ្យចេញនូវប្រកាសអន្តរក្រសួងដ៏មានសារសំខាន់នេះឡើង៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង