ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងល្បែងសុីសង បៀរចាក់ឆ្នោតយួន អាប៉ោង ឃាត់ខ្លួនស្រីៗ៥នាក់

57

 

កណ្តាល៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសង(បៀរ)ចាក់ឆ្នោតយួន(កន្ទុយលេខ) ជាពិសេសអាប៉ោង ដែលមានម្ចាស់ផ្ទះឈ្មោះ អឿន សុខខេង ហើយបានឃាត់ខ្លួនមនុស្សចំនួន៥នាក់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានសំណូមពរ និងរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា « នាងខ្ញុំសូមស្នើសុំដល់លោកស្នងការនគរបាលខេត្ត ជួយសម្រួលដល់បញ្ហា របស់ប្តីដែលបង្កអោយមានអំពើហិង្សាក្នុងគ្រួសារ ចំពោះបញ្ហាល្បែងសុីសង(បៀរ)ចាក់ឆ្នោតយួន(កន្ទុយលេខ) ជាពិសេសអាប៉ោង និងមានយកលុយទៅអោយដល់កន្លែងបែបនេះហើយធ្វើអោយប្រជាពលរដ្ឋក្នុងភូមិក្រហើយទាស់ប្តីប្រពន្ធរៀងរាល់ថ្ងៃសូមមេត្តាជួយសម្រួលផង ភូមិក្រូចសើច ឃុំពុកឬស្សី ចាប់ផ្ដើមលេង ម៉ោង១១amទៅ» ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ ។

ជាលទ្ធផលនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ អឿន សុខខេង ភេទស្រីអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ហើយបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ និងចាប់យកវត្ថុតាងមួយចំនួន រួមមាន៖
១.ឈ្មោះ អឿន សុខខេង ភេទស្រី អាយុ៥៣ឆ្នាំ (ម្ចាស់ផ្ទះ)
២.ឈ្មោះ ស៊ុំ ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កសិករ
៣.ឈ្មោះ អឿន សំអុន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ កសិករ
៤. ឈ្មោះ ឆែ សុខា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កសិករ
៥.ឈ្មោះ ហួត ស្រ៊ុន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កសិករ
អ្នកទាំង០៥នាក់ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យករួមមាន៖ ប្រាក់រៀលចំនួន១៥៥,៦០០៛ និង១ដុល្លារ ,បុិចចំនួន៣ដើម,ហ្វឺតពណ៌ក្រហមចំនួន១ដើម, ទឹកលុបចំនួន១ដើម, ក្រដាស់កត់កន្ទុយលេខមួយចំនួន, កាបូបស្ពាយចំនួន១,បៀរនីឡុងចំនួន៥២ សន្លឹក,ភួយកម្រាលចំនួន១,បែកជើងចំនួន២គូរ ។

ចំពោះស្រ្តីទាំង៥នាក់ រួមជាមួយវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសារសួរ បន្ទាប់មកដោយសមត្ថកិច្ចពិនិត្យឃើញថា ល្បែងស៊ីសងបៀរ និងកត់កន្ទុយលេខនេះមានលក្ខណៈតូចតាច ហើយអ្នកលេងសុទ្ធតែជាស្រ្តីស្លូតត្រង់ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងកិច្ចសន្យា ជាលើកទី១ មិនឱ្យប្រព្រឹត្ត និងផ្តល់ទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃចុះកិច្ចសន្យានេះ ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់ បណ្តាញសង្គមមេត្តា និងចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង