ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណាដា នឹងពិនិត្យពិចារណា គាំទ្រដល់គម្រោង ការចុះស្រាវជ្រាវឡើងវិញ នូវចម្ការមីននៅកម្ពុជា

84

ភ្នំពេញ៖  លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន អាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី(Resurvey) ដែលការស្រាវជ្រាវឡើងវិញនេះ នឹងនាំឲ្យយើងអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន។

លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ លោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរមីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីននៅកម្ពុជា ។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី  បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩ ។

ជជាមួយគ្នានេះលោកបន្តថា ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវសុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។

លោក Jan Scazighino បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការចូលរួមចំណែករបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការសង្រ្គោះជីវិតមនុស្សពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាការឆ្លើយតបនឹងសំណើខាង លេី  លោក Jan Scazighino នឹងពិនិត្យពិចារណាគាំទ្រដល់គម្រោង ការចុះស្រាវជ្រាវឡើងវិញនូវចម្ការមីននេះ៕

 

អត្ថបទដែលជាប់ទាក់ទង