ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅស្រុកព្រៃនប់ មានកសិដ្ឋានចិញ្ចឹមចៀម មួយកន្លែងកំពុងទទួលបាន ផលដោយក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ

49

ខេត្តព្រះសីហនុ៖ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ់បាន និងកំពុងបើកកសិដ្ឋានចិញ្ចឹមចៀមដែលមានទីតាំងស្ថិតនៅក្នុង ភូមិ អូត្រជាក់ចិត្ត ឃុំ សំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងដំណើរកា ចិញ្ចឹមចៀម ពូជយកសាច់ ចំនួន ៦១៥ មេពូជ មេបណ្ដើរកូន ១៥០ ក្បាលនិងកូនតូច ចំនួន ២១៩ ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន ៦ ខែ ហើយលទ្ធផលទទួលបានសរុប ចៀម កើនឡើងរហូតទៅដល់ជាង ៩០០ ក្បាល។
ប្អូនស្រី ព្រំ ផល្លី ផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិតមកពី បណ្ដាលរាជធានីខេត្ត រួមជាមួយ ខេត្តបន្ទាយមានជ័យបានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់ ដោយប្អូនស្រីបានលើកឡើងថាទីតាំងចិញ្ចឹមនេះ គឺមានការជួយជ្រោមជ្រែងពីឯកឧត្តមឧប កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវ និស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុង សហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃ ដីចំនួន ២ ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤ ហិកតា។
ប្អូនស្រីក៏បានបញ្ជាក់ផងដែរថាការចិញ្ចឹម របស់ក្រុមយុវនិស្សិតនៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា ចៀម សត្វអូទ្រីស ដើម្បីចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ ហើយមិនបាច់ចំណាយ ថវិកាច្រើន ទៅមើលការចិញ្ចឹមសត្វប្រភេទនេះនៅឯបរទេសឡើយ ព្រោះស្រុកខ្មែរយើង ក៏អាចចិញ្ចឹមបានដែរ ម្យ៉ាងវិញទៀតខណៈពេលនេះ ជំងឺកូវីដ19 កំពុង រាតត្បាតជាសកលផងនោះ។

ដោយឡែក ប្អូនប្រុស ឃឹម សន ផ្នែកជំនាញចិញ្ចឹមចៀមបានលើកឡើង អំពីវិធីសាស្រ្តក្នុងការចិញ្ចឹមថា ការចិញ្ចឹមចៀម របស់ពួកគាត់នាពេលបច្ចុប្បន្នគឺមានភាពងាយស្រួល គ្រាន់តែយើងការពាររកចំណីឲ្យបានគ្រប់គ្រាន់ការពារជំងឺដោយការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ទៀងទាត់ និងមានបាគ្រប់គ្រាន់នោះចៀមអាចបង្កាត់ពូជបានលឿន ព្រោះក្នុងមួយឆ្នាំចៀមអាចកូនពីរដង ក្នុងនោះពេលខ្លះមានកូនភ្លោះផងដែរ ដូចនេះធ្វើឲ្យ ការបង្កាត់ពូជមានការកើនឡើងលឿន។
ចំពោះ ទីតាំងចិញ្ចឹមចៀមគឺត្រូវធ្វើឲ្យផុតពីដីក្នុងរវង្វ់មួយម៉ែត្រ ទៅពីរម៉ែត្រសម្រាប់ឲ្យចៀមដេក ព្រោះធ្វើដូចនេះដើម្បីបញ្ចៀសអំពីជម្ងឺផ្សេងៗ។
ប្អូនប្រុសបានបន្ថែមទៀតថាទន្ទឹមនឹង ភាពងាយស្រួលក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាទី១នៅពេលដែលកូនចៀមកើតភ្លាម យើងត្រូវមើលឲ្យបានដិតដល់ព្រោះមេខ្លះមិនឱ្យកូនបៅ ដូចនេះយើងត្រូវយកកូនចៀមទៅឱ្យបៅទឹកដោះផ្សេង ទី ២ នៅរដូវប្រាំងគឺមានការខ្វះខាតស្មៅ សម្រាប់ផ្គត់ផ្គង់ចៀមប្រចាំថ្ងៃ ទី៣ យើងត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។

ក្នុងនោះប្អូនស្រី ព្រំផល្លីផ្នែកទីផ្សារក៏បានលើកឡើងផងដែរថានាពេលបច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបាននិងកំពុង បង្កាត់ពូជ ចៀមខ្មែរនិងបរទេស ហើយតម្លៃវិញគឺទៅតាមប្រភេទពូជនីមួយៗ តែបច្ចុប្បន្នគឺបង្កាត់ពូជ យកសាច់ និងយកកូនលក់តែប៉ុណ្ណោះ ហើយជំហ៊ានបន្ទាប់ប្អូនស្រីបានលើកឡើងថា ក្រុមយុវនិស្សិតរបស់ប្អូននឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង