ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់​ញុះញង់​ឱ្យមាន​ការរើសអើង និង​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែង បញ្ជូន​ទៅ​តុលាការ

82

 

​កែប​៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យមាន​ការរើសអើង និង​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែង​អត្តសញ្ញាណ​បរិហារ​បង្កាច់​កេ​រ្តិ៍ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បញ្ជូនទៅ​តុលាការ​។​

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យមាន​ការរើសអើង និង​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែង​អត្តសញ្ញាណ​បរិហារ​បង្កាច់​កេ​រ្ត៍ ដែល​ស្រាវជ្រាវ ស៊ើបអង្កេត​និង​ចាប់​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​កែប សង្កាត់​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​បណ្ដា​អង្គភាព​មួយចំនួន និង​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​មានការ​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កែប​។

​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ធ្វើឡើង​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលជា​កន្លែង​រស់នៅរ​បស់​ជនសង្ស័យ​តែម្តង​។ សូមបញ្ជាក់​ផងដែរ​ថា យុវជន​រូបនេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​ជាច្រើន ធ្វើការ​ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន បំពុលសង្គម និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍ ថ្នាក់ដឹកនាំ​កំពូលៗ មាន​ទាំង​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត ព្រមទាំង​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ទាំងនោះ​។

​យុវជន ងិន ស៊ុយ​ទ្រី បាន​សារភាពថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​ម្នាក់​កាលពីដើមឆ្នាំ​២០១៦ ក្រោយមក​នាង​បាន​ផ្លាស់ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​របស់​ពួកគេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី​នោះ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជាច្រើន​ផ្សេងទៀត ធ្វើ​ឱ្យគេ​កើត​ចិត្ត​ប្រចណ្ឌ ហើយ​ក៏បាន​បង្កើត​គណ​នី​ក្លែងក្លាយ ដោយ​ប្រើ​ឈ្មោះ​របស់​នាង ឪពុក និង​ជា​មិត្តភក្តិ​របស់​នាង​ជាច្រើន​ទៀត ដើម្បី​ធ្វើការ​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​ចេតនា​ដើម្បី​ទម្លាក់កំហុស​ឱ្យ​នាង ព្រមទាំង​មិត្ត​ភ​ក្កិ និង​ដៃគូរ​ស្នេហា ក៏ដូចជា​គ្រួសារ​របស់​នាង​ផង​។

​បច្ចុប្បន្ននេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ក្រើនរំឭក​ដល់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​មាន​ក្រមសីលធម៌​ក្នុងការ​ប្រើប្រាស់ កុំ​ប្រើ​ដើម្បី​ធ្វើជា​ទីលាន​បញ្ចេញ​កំហឹង​សងសឹក​ស្នេហា ដែលនាំឱ្យ​អាប់ឱន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង​កុំ​ព្យាយាម​ប្រើ​ដើម្បី​ប្រព្រឹត្ត​បទល្មើស ព្រោះ​មិនអាច​គេច​ចេញពី​សំណាញ់​ច្បាប់​បានឡើយ​៕

អត្ថបទដែលជាប់ទាក់ទង