ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​រើប​ឡើងវិញ​ក្នុង​ឆ្នាំ​២០២១ បន្ទាប់ពី​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការ​រាតត្បាត​ជំងឺ​ជា​សាកល

79

​ភ្នំពេញ​៖​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​កម្ពុ​ជាប​ន្ត​រងគ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ មាន​សញ្ញា​ជាច្រើន​បង្ហាញថា​សកម្មភាព​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ហើយ​។ សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​រួញ​ទំហំ​ប្រមាណ​ដក ២​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ងើបឡើង​វិញ​ហើយ​លូតលាស់​បាន​ប្រហែល​ជិត​៤​ភាគរយ ក្នុង​ឆ្នាំ​២០២១​។ ធនាគារពិភពលោក​បាន​ឱ្យដឹង​ដូច្នេះ​នៅក្នុង​របាយការណ៍​មួយ​ឈ្មោះ Restrained Recovery ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​។
​នៅពេលដែល​មានការ​ធូរស្រាល​បន្តិច​នៅក្នុង​វិធានការ​រក្សា​សុវត្ថិភាព​សង្គម សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​កំពុងតែ​វិល​ទៅរក​ប្រក្រតីភាព​បន្តិច​ម្តងៗ​វិញ​។ អន្តរាគមន៍​ក្នុង​កម្រិត​ដែល​មិន​ធ្លាប់មាន​របស់​រដ្ឋាភិបាល បាន​ជួយ​មួយផ្នែក​ក្នុងការ​ទ្រទ្រង់​ដល់​ផ្នែក​ទទួលទាន​ប្រើប្រាស់​ឱ្យនៅ​ស្ថិតស្ថេរ ហើយ​អតិផរណា​ក៏​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ជាប់​ផងដែរ​។ យោងតាម​របាយការណ៍​ខាងលើនេះ លំហូរ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ទៅក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ​និង​ទៅក្នុង​វិស័យ​កសិកម្ម​នៅតែ​បន្ត​កើនឡើង ទំនងជា​ដោយសារ​ភាព​ទាក់ទាញ​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​កំពុង​ធ្វើ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​។
​ទោះបីជា​ការនាំចេញ​សរុប​នៃ​ផលិតផល​កមន្តសាល​បាន​រង​ការប៉ះទង្គិច​ពី​ការ​រាតត្បាត​ជំងឺ​នេះ​ក៏ដោយ ក៏​កំណើន​នៅតែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រ​ដទៃទៀត មាន​កង់​, គ្រឿង​បង្គុំ​អគ្គិសនី​, និង​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿងផ្សំ​នានា ហើយ​ការនាំចេញ​អង្ករ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​នៅមាន​សន្ទុះ​ខ្លាំងក្លា​។ ជាមួយគ្នានេះ ទេសចរណ៍​ក្នុងស្រុក​បាន​ជួយ​មួយផ្នែក​ក្នុងការ​ធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការធ្វើដំណើរ កម្រើក​ឡើងវិញ​។
​លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​នៅ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ច្រើន​ណាស់​។ គោលដៅ​ដ៏​សំខាន់បំផុត​នៃ​គោលនយោបាយ​នាពេលនេះ​គឺ ជាបន្ទាន់ ត្រូវ​ធ្វើយ៉ាងណា​ស្តារឡើងវិញ​នូវ​ការងារ​ដែល​បាត់បង់ ឬ​ដែល​ត្រូវ​ព្យួរ​ដោយសារតែ​ការ​រាលដាល​ជំងឺ​នេះ​។​” លោកស្រី​ពោល​បន្តទៀតថា​៖ “​ឆ្ពោះទៅ​ពេលខាងមុខ ជាការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស​ឱ្យ​ទាញយក​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​។ លទ្ធភាព​នេះ​អាចធ្វើ​ទៅរួច​តាមរយៈ​ការដាក់ចេញ​ឱ្យបាន​ឆាប់រហ័ស​នូវ​ច្បាប់​វិនិយោគ​មាន​ភាព​ប្រកួតប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការវិនិយោគ អមដោយ​វិធានការ​ទាំងឡាយ​សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​អាជីវកម្ម ផងដែរ​។​”

​ក្នុង​គោលបំណង​ជួយ​កម្ពុជា​ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​បានស្នើ​ឱ្យ​បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំណើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ​យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ផង ហើយ​ទន្ទឹមគ្នានេះ លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា​ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស​ដែលមាន​ការ​ងើបឡើង​ឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក​។ របាយការណ៍​ក៏បាន​លើកឡើង​ដែរ​នូវ​ឱកាស​នានា​សម្រាប់​សម្រួល​ការពង្រីក​ការវិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់​ក្នុងពេល​ថ្មីៗ​នេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន និង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។

​របាយការណ៍​នេះ​បានចង្អុលបង្ហាញ​ដែរ​អំពី​សារៈសំខាន់​ចាំបាច់​បំផុត​នៃ​ការរៀបចំ​បង្កើន​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ​សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ​១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ​នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក​របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ​។

​ការស្ទង់មតិ​តាម​ទូរស័ព្ទ​ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង​ក្នុង​រយៈពេល​កន្លងទៅ បានឱ្យដឹងថា ចំនួន​អ្នកផ្តល់​ចម្លើយ​ដែល​កំពុងធ្វើការ​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី​៨២​ភាគរយ​នៅពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ដំបូង មក​នៅត្រឹម​៧១​ភាគ​ក្នុង​ខែឧសភា ឆ្នាំ​២០២០ ហើយ​តួលេខ​នេះ​ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ​២០២០​។ ការ​រាតត្បាត​ជំងឺ​នេះ​នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន​ទៅលើ​សកម្មភាព​ធុរកិច្ច​ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ​ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ​បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើង​ភ្លាមៗ​។ ការបាត់បង់​ចំណូល​នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ​ក្រោយពី​រដ្ឋា
​ភិ​បាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ​សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ការស្ទង់មតិ​ទាំងនោះ​បង្ហាញថា ជិត​៩០​ភាគរយ​នៃ​ក្រុមគ្រួសារ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា​ជា​អ្នកក្រ បាន​រាយការណ៍​ថា​បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា​។

​របាយការណ៍​នេះ​មាន​ជំពូក​ពិ​សេសមួយ​ផ្តោតទៅលើ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​កម្ពុជា (Cambodia Business Pulse Surveys/BPS)​ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ស្វែងយល់​អំពី​ផលប៉ះពាល់​របស់​កូ​វីដ​១៩ ទៅលើ​ធុរកិច្ច​។ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​នេះ​ត្រូវបានធ្វើ​ជាមួយ​ក្រុមហ៊ុន​ជាង ៥០០​ក្រុមហ៊ុន​ពី​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​លទ្ធផល​បង្ហាញថា អាជីវកម្ម​ជាច្រើន​បាន​បើកទ្វារ​ឡើងវិញ​ហើយ​តាំងពី​ខែមិថុនា​មក​។ យ៉ាងណាក្តី ការលក់​នៅមានកម្រិត​ទាប​ខ្លាំង ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម និង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ជាច្រើន​នៅ​ខេត្តសៀមរាប​។

​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា គឺជា​របាយការណ៍​ចេញផ្សាយ​ពីរដង​ក្នុង​មួយឆ្នាំ ដើម្បី​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ស្តីពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​។

អត្ថបទដែលជាប់ទាក់ទង