ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការបច្ចេកទេសចំនួន១២ កម្ពុជា បានយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ

39

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ក្នុងគោលបំណងធ្វើការពិភាក្សានិងអនុម័តទៅលើ៖
ក.ស្តង់ដារអន្តរជាតិ ISO ផ្នែកសារធាតុនិងផលិតផលគីមីចំនួន ០៤ ស្តង់ដារ សម្រាប់“សុវត្ថិភាពប្រដាប់ក្មេងលេង” ដែលជាស្តង់ដារអនុវត្ត ដើម្បីការពារសុខមាលភាពនិងសុវត្ថិភាពក្មេង ជាពិសេសក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំ អំពីហានីភ័យដែលកើតចេញពីប្រដាប់ក្មេងលេងមិនមានរចនាបទសមស្រប ផលិត ចេញពីវត្ថុធាតុដើម ជាពិសេសសារធាតុគីមីដែលហាមឃាត់ ងាយឆេះ និងការប្រើប្រាស់ខុសលក្ខខណ្ឌនិងគោលដៅ។

ខ.ស្តង់ដារភេស្ជជៈទឹកក្រូចកាបូណាត និងស្តង់ដារកែសម្រួលសម្រាប់ទឹកពិសាដប CS 009:2005 ។ ស្តង់ដារនេះ ផ្តល់ជាមូលដ្ឋានដល់ រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងការបង្កើនគុណភាព និងសុវត្ថិភាពភេសជ្ជៈស្របតាមតម្រូវការរបស់ស្តង់ដារ ដើម្បីលុបបំបាត់ផលិតផលក្លែងបន្លំ និងការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមកាត់បន្ថយហានីភ័យផ្នែកសុខមាលភាពសាធារណៈ។

គ.ស្តង់ដារអាស៊ានផ្នែកបន្លែនិងផ្លែឈើចំនួន ០៣ ស្តង់ដារ សម្រាប់ផ្លែខ្នុរ ផ្លែល្ពៅ និងផ្លែត្រប់ ដែលស្តង់ដារនេះ
ផ្តោតជាសំខាន់លើការតម្រូវសម្រាប់ទំហំ គុណភាព សុវត្ថិភាព អនាម័យ ការប្រើប្រាស់ជីរនិងថ្នាំកសិកម្ម សារធាតុបង្ការ ការវេចខ្ចប់ ការដាក់ម៉ាកនិងស្លាកសញ្ញាសម្រាប់បន្លែនិងផ្លែឈើ ក្នុងទិសដៅការពារសុវត្ថិភាពអ្នកប្រើប្រាស់ កាត់បន្ថយនូវហានីភ័យកើតចេញពីបន្លែនិងផ្លែឈើដែលគ្មានគុណភាពនិងសុវត្ថិភាព បង្កើនផលិតផលកសិកម្ម ។

ឃ.ស្តង់ដារអន្តរជាតិ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន ០៤ ស្តង់ដារ ដូចខាងក្រោម៖
១. ISO 31000:2018 ស្តីពីការគ្រប់គ្រងហានីភ័យ-គោលការណែនាំ ដែលស្តង់ដារនេះផ្តល់នូវគោលការណ៍ណែនាំ ក្របខណ្ឌការងារ និងនីតិវិធីនៃការគ្រប់គ្រងហានីភ័យដែលកើតមានឡើងនៅក្នុងក្រុមហ៊ុន/អង្គភាព ដោយសារកត្តាផ្ទៃក្នុងនិងមកពីខាងក្រៅ។
២. ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ-តម្រូវការជាមួយការណែនាំសម្រាប់ ការប្រើប្រាស់ ដែលកំណត់តម្រូវការនិងគោលការណ៍ណែនាំ ដល់ក្រុមហ៊ុន/អង្គភាព ក្នុងការធានាសុវត្ថិភាពនិងសុខភាពដល់កម្មករនិយោជិតនៅកន្លែងបំពេញការងារ និងបង្ការការកើតឡើងនូវគ្រោះថ្នាក់ការងារ។
៣. ISO/IEC 17011:2017 ការវាយតម្លៃភាពអនុលោម-តម្រូវការសម្រាប់អង្គភាពវាយតម្លៃទទួលស្គាល់ គឺជាស្តង់ដារ ដែលផ្តល់តម្រូវការនានាជាមូលដ្ឋានដល់អង្គភាពវាយតម្លៃទទួលស្គាល់ ដើម្បីធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាពអង្គភាពចេញវិញ្ញាបនប័ត្របញ្ជាក់ផលិតផលនិងប្រព័ន្ធ អង្គភាពអធិការកិច្ច មន្ទីរពិសោធន៍ អង្គភាពផ្តល់សេវាព្យាសកម្ម (មាត្រាសាស្ត្រ) ។ល។
៤. ISO/IEC/TR 17028:2017 គឺជាស្តង់ដារដែលផ្តល់នូវគោលការណ៍ណែនាំនិងគំរូនានា សម្រាប់ការរៀបចំ scheme ផ្នែកសេវាកម្ម ដើម្បីអាចចេញវិញ្ញាបនប័ត្របញ្ជាក់សេវាកម្មអនុលោមតាមតម្រូវការរបស់ស្តង់ដារ ISO/IEC 17065:2012 ការវាយតម្លៃភាពអនុលោម – ការតម្រូវសម្រាប់អង្គភាពផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផល ដំណើរការ និងសេវាកម្ម។

ង.ស្តង់ដារអន្តរជាតិ ISO/IEC សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានចំនួន ០៣ គឺជាស្តង់ដារដែលផ្តោតអំពីទិដ្ឋភាពទូទៅនិងនិយមន័យប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ការកំណត់តម្រូវការសម្រាប់ការចេញវិញ្ញាបនប័ត្រប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន និងការណែនាំនានាសម្រាប់ការត្រួតពិនិត្យសន្តិសុខ ព័ត៌មាន។ ស្តង់ដារនេះត្រូវបានជ្រើសរើសឡើងសម្រាប់ការអនុម័តទទួលយកជាស្តង់ដារជាតិ ផ្អែកតាមការជ្រើសរើសរបស់ក្រុមការងារអាស៊ានសម្រាប់ការធ្វើឲ្យចុះសម្រុងគ្នាក្នុងតំបន់ និងផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សហកម្ម 4.0” ដែលបានបញ្ជាក់ថា ស្របតាមភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងនិងអនុវត្តនូវគោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និងស្តង់ដារពាក់ព័ន្ធ ដូចជាសុវត្ថិភាពឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។

ច.ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គីសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន ០៤ស្តង់ដារ មកធ្វើជាស្តង់ដារ ជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់វាយតម្លៃ និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបរិក្ខាខាងលើ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានីភ័យ និងបរិស្ថានដែលបង្កដោយបរិក្ខារទាំងនោះ។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សាក្រោមក្របខណ្ឌបច្ចេកទេសយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចអនុម័តយកស្តង់ដារអន្តរជាតិខាងលើមកធ្វីជាស្តង់ដារជាតិ ដែលគិតសរុបមកដល់បច្ចុប្បន្ន ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២ កម្ពុជា បានយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេច ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរួមទាំងអស់គ្នា និងស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ ខិតខំស្រាវជ្រាវចងក្រងឲ្យបានច្រើនថែមទៀតនូវស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ ពីព្រោះ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច ជម្រុញឲ្យទទួលបាននូវឧត្តមភាពប្រកួតប្រជែង ព្រមទាំងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ និងជំរុញការនាំចេញផលិតផលដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ ។ ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានស្នើផងដែរ ដល់គណៈកម្មការបច្ចេកទេសទាំងអស់ចងក្រងពាក្យពេជន៌បច្ចេកទេសនៃភាសារបរទេស បកប្រែជាភាសាខ្មែររួចបញ្ជូនទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីបកប្រែជាភាសារជាតិឲ្យមានលក្ខណៈត្រឹមត្រូវ និងឯកភាពគ្នា ក្នុងការប្រើប្រាស់ភាសាជាតិ ។ ដោយឡែកទាក់ទង ការពិនិត្យ និងអនុម័តលើបទប្បញ្ញត្តិបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារនិងលំនៅដ្ឋាននៅកម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្រេចមិនទាន់អនុម័តនាពេលនេះទេ ដោយសារការជាន់ភារកិច្ចការងារគ្នា រវាងក្រសួងរ៉ែ និងថាមពល និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រូវពិភាក្សាឲ្យជ្រះស្រលះជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង