រដូវធ្វើប្រហុក ចាប់ផ្តើម ត្រូវបណ្ដើរៗ ចាប់ពីថ្ងៃ៦កើត រហូតដល់១២កើត ត្រូវរហូតដល់ថ្ងៃទី២៦ធ្នូ ឆ្នាំ២០២០ ប្រភេទត្រីប្រហុកអាចតម្លៃ១គីឡូ៤ពាន់ទៅ៦ពាន់រៀល
ភ្នំពេញ៖ លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះថា រដូវធ្វើប្រហុកបានចាប់ផ្តើមនៅថ្ងៃនេះហើយ គឺចាប់ពីថ្ងៃ៦កើត រហូតដល់១២កើត ត្រូវនឹងថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកបានសន្និដ្ឋានថា ត្រីនឹងចាប់ផ្តើមត្រូវខ្លាំងគឺនៅថ្ងៃទី១០កើត ឬ ១១កើត។ តម្លៃប្រមាណចាប់ពី៤ពាន់រៀលទៅ៦ ពាន់រៀលឬអាចដល់៨ ទៅ៩ ពាន់រៀល ក្នុងគីឡូវ ប្រ ភេទត្រីលេខ១ រីឯលេខ២អាចនៅត្រឹម៥ទៅ៧ ពាន់រៀល ។
ដោយឡែក អ៊ំស្រី ម៉ៅ ដែលជាអ្នកលក់ត្រី ប្រមាណជាង២០ឆ្នាំ មកហើយនៅផ្សារ គឺឡូម៉ែត្រលេខ៦ បានឱ្យដឹងថា នៅរដូវធ្វើត្រីប្រហុកនេះ អ៊ំស្រីក៏លក់ត្រីដើម្បីធ្វើប្រហុកដែរ ដោយត្រីដែលកាត់ក្បាលរួចគឺលក់ក្នុងតម្លៃ១គីឡូ១ម៉ឺនរៀល ដោយឡែកត្រីដែលលក់នៅកន្លែងប្រមូលផលវិញគឺថោក ជាង នេះ ហើយបន្ទាប់ពីផុតរដូវវិញ អុំស្រីនឹងលក់ត្រីធម្មតាវិញ មានដូចជាត្រីផ្ទក់ ត្រីអណ្តែង និងត្រីឌៀប ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្តីជូនដំណឹងពីកាលបរិច្ឆេទ នៃរដូវធ្វើប្រហុក ផ្អក។ ចាប់ពីថ្ងៃទី២០រហូតដល់ ថ្ងៃទី២៦ ខែធ្នូនេះ ក្នុងករណីដែលមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ផងដែរថា៖ ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប នាពេលបច្ចុប្បន្ន គន្លងដាយត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ និងអំពាវ នាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ។សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះ ឱ្យបានរួសរាន់ក្នុងរយៈពេល១សប្តាហ៍នេះ ៕ សំរិត