ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ ករណី​វិវាទ​ដីធ្លី​ឈានដល់​ការផ្ទុះ​អំពើ​ហឹ​ង្សា នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង

169

​ព្រះសីហនុ​៖ ករណី​វិវាទ​ដីធ្លី​ឈានដល់​ការផ្ទុះ​អំពើ​ហឹ​ង្សា កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់​។ លោក​អធិការ​ស្រុក​ព្រៃនប់​អះអាងថា​មនុស្ស​៨​នាក់​នោះ​ជា​ភាគី​ខាង​ក្រុមហ៊ុន​ភឺន ផល្លា ចំណែក​ភាគី​ខាង​ពលរដ្ឋ មិនទាន់មាន​ការឃាត់​ខ្លួន​ទេ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន ប្រា​ប្រាប់​កាសែត​ក្នុងស្រុក​ថា កាលពី​ម្សិលមិញ​នេះ​មាន ពលរដ្ឋ​ពីរ​ក្រុម​បាន​ប៉ះទង្គិច​គ្នា ក្នុង​រឿង​ជម្លោះដីធ្លី​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​រហូតដល់​ផ្ទុះអាវុធ និង​រងរបួស​ទាំងសងខាង​។ ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន បណ្តោះអាសន្ន នូវ​មនុស្ស ៨​នាក់ យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​សាកសួរ​និង​ចាត់វិធានការ ច្បាប់​ចំពោះ​ជនដៃដល់​។ នៅថ្ងៃនេះ សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ចុះ​ស្រាវជ្រាវ​ស្វែងរក​ការពិត​បន្ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក​ហួ យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់ បញ្ជាក់​រឿងហេតុ​នេះ​ថា​៖​ជម្លោះដីធ្លី​ឈានដល់​ផ្ទុះ​ជា​អំពើហិង្សា​នេះ កើតឡើង រវាង​ក្រុមហ៊ុន ភឺន ផល្លា និង​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងរបួស ក្នុងនោះ​ភាគី​ក្រុមហ៊ុន​រង​បួស​មធ្យម​ចំនួន​០២​នាក់ (​ប្រុស​) រីឯ​ភាគី ខាង​ប្រជាពលរដ្ឋ រង​បួស​មធ្យម​ចំនួន​៣​នាក់ (​ស្រី​១​នាក់​) មូលហេតុ ដោយសារ​ខាង​ក្រុមហ៊ុន បាន​ចុះ ហាមឃាត់ ប្រជាពលរដ្ឋ មិន​ឲ្យ​សាងសង់​ផ្ទះ ទើប​បណ្តាល​ឲ្យ​កើតជា​អំពើហិង្សា​ឡើង ។ របាយការណ៍​បន្ថែមថា ពេល​មាន​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក ក្នុងនាម​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ចុះទៅ​អន្តរាគមន៍ រក​ដំណោះស្រាយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គា្ន​កាន់តែ​ច្រើនឡើង​ហើយ​បិទផ្លូវ​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញមកក្រៅ ដោយ​ចោទថា ខាង​ក្រុមហ៊ុន ប្រើ​អំពើ​ហឹ​ង្សា​និង​បាញ់​គំរាម​ប្រជាពលរដ្ឋ​ថែមទៀត ។ ក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ក្រៅពី​មាន​មនុស្ស​រងរបួស ក៍មាន​រថយន្ត​មួយគ្រឿង​របស់​ភាគី​ក្រុមហ៊ុន​រង​ការខូចខាត​ផងដែរ​។ របាយការណ៍​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​មនុស្ស ចំនួន​០៨​នាក់ ដែលជា​ភាគី​ខាង​ក្រុមហ៊ុន​រួមមាន ៖ ១.​ឈ្មោះ គង់ រក្សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ ២. ឈ្មោះ សាំង កូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ៣.​ឈ្មោះ​សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៤.​ឈ្មោះ​សៀ រដ្ឋា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៥.​ឈ្មោះ​ឡៅ តឹក​យូ អាយុ​៥៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៦.​ឈ្មោះ​ចក់ សុគន្ធ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៧.​ឈ្មោះ សុង ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៨.​ឈ្មោះ​ផាន សា​ពេជ្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ចុងក្រោយ​នៃ​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បញ្ជាក់ថា ចំពោះ​ករណី​ថា​មានការ​ផ្ទុះអាវុធ​ក្នុង​ជម្លោះ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង