ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនដៃដល់ និងម្ចាស់២នាក់ កាំបាញ់សម្លាប់បុរសម្នាក់ ទៅកាន់តុលាការ

54

 

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០នេះ បានបញ្ជូនជនសង្ស័យ ២នាក់ (ជនដៃដល់ និងម្ចាស់កាំភ្លើង) ពាក់ព័ន្ធករណី បាញ់សម្លាប់បុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា បង្រ្កាបករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់​កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ
ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍​ទោ​ សុង​ លី​ ស្នងការរង
លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ ដឹកនាំ​ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង​ ចុះសហការស្រាវជ្រាវ ជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងម្នាក់ជាអ្នកផ្ដល់កាំភ្លើងខ្លីឲ្យជនដៃដល់។

នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។

ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)​​​។ ជនសង្ស័យ​ទី១ ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស​ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ (ជនដៃដល់បាញ់ជនរងគ្រោះ)​។ ជនសង្ស័យទី២ ​ឈ្មោះ ផេង ស៊ីថុល ភេទប្រុស​ អាយុ៤៧ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ (ជាអ្នកផ្ដល់កាំភ្លើង)​។ វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានសារភាពថា ពួកគេសុទ្ធតែជាកូនបំណុលរបស់ជនរងគ្រោះ ក្នុងទំហំទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាន​នគរបាលខណ្ឌកំបូល កសាង​សំណុំរឿងបញ្ជូនទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង