ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា – ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា រលកកូវីដ-១៩ មិនអាចបង្អាក់ឆន្ទៈបំពេញភារកិច្ចរបស់មន្ដ្រីក្រសួងបានឡើយ

47

ភ្នំពេញ៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព អ ) បានឲ្យដឹងថា៖ បើទោះបីកម្ពុជាទទួលរងការប៉ះពាល់ដោយសារកូវីដ-19 ធ្វើឲ្យយើងមានការលំបាក ក្នុងការបំពេញ កិច្ចការ និងតម្រូវឲ្យធ្វើការងារស្ថិតនៅគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ ក៏ក្រសួងនៅតែបន្តភារកិច្ចរបស់ខ្លួន មិនឲ្យកកស្ទះការងារណាមួយ នោះឡើយ។ លោកបានបញ្ជាក់ ឲ្យដឹងបែបនេះ កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០ បន្ទាប់ពីលោកចូលរួមទទួលសម្ភារៈ សម្លាប់មេរោគកូវិដ-១៩ពីសប្បុរសជន ។

លោកបន្តថា តាមរយៈការកំណត់យកភារកិច្ចធំៗ និងតម្រូវការចាំបាច់ដែលជាសំណូមពររបស់ពលរដ្ឋ ដូចជាកិច្ចការ ទាក់ទងទៅនឹងបណ្តឹងវិវាទផ្សេងៗ ដែលពលរដ្ឋបានដាក់ពាក្យបណ្តឹងវិវាទ មកក្រសួងដើម្បីយកមកដោះស្រាយ ។ ជាក់ស្តែង នៅថ្ងៃអង្គារ៍ ទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលបញ្ចប់វិវាទ ករណីបណ្តឹងនៅខេត្តមណ្ឌលគិរី តាមយៈយន្តការ ឈ្នះ ឈ្នះ ។

លោកបញ្ជាក់ថា ករណីបណ្តឹងវិវាទនេះ បានកើតឡើង នៅភូមិពូទ្រូ ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នឹងបានអូសបន្លាយអស់រយៈជាយូរមកហើយ ។ តែដោយមានការដឹកនាំសម្រុះសម្រួលជាច្រើនដំណាក់កាល និងផ្អែកលើការចុះស្រាវជ្រាវរបស់មន្ត្រីជំនាញ និងដោយមានការចង្អុលបង្ហាញផ្ទាល់របស់លោជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ភាគីទាំងសង្ខាងបានទទួលយកដោយរីករាយ និងបានឈានទៅបញ្ចប់សាច់រឿងនេះផងដែរ ។

សូមបញ្ជាក់ថា៖ ក្រសួងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្កើតកម្មវិធីទទួលពាក្យបណ្តឹង តាមអនឡាញ បន្ថែមលើការងារទទួលបណ្តឹងផ្ញើមកក្រសួងដោយផ្ទាល់ ដើម្បីសម្រាប់ជាជម្រើសងាយស្រួលរបស់ពលរដ្ឋ ធ្វើកាន់តែលឿន និងប្រសិទ្ធិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កំណត់ថា ជារាជរដ្ឋាភិបាលឌីថល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង