ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

52

 

​ភ្នំពេញ​៖​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (​កិច្ចប្រជុំ​លើក​ទី ១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ) ជាមួយ ឯកឧត្តម ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ភាគី​ទាំងពីរ​បានកត់សម្គាល់​ឃើញ​ពី​មិត្តភាព​រឹងមាំ​ជា​ប្រពៃណី​ភាព ជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រួមទាំង ការលើកកម្ពស់​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​គូសបញ្ជាក់​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​ប្រព័ន្ធ​វីដេអូ​របស់​ថ្នាក់ដឹកនាំ និង​ការផ្លាស់ប្តូរ ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​បន្តបន្ទាប់ នាពេល​កន្លងមក​។ ភាគី​ទាំង​ពីរបាន​អបអរសាទរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ស្រប​ពេលដែល​កំពុង​ខិតខំ​រក្សា​លំហូរ​ពាណិជ្ជកម្ម នៃ​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការវិនិយោគ​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សន្តិសុខ ភាគី​ទាំង​ពីរបាន​គូសបញ្ជាក់​ពី កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុងការ​សម្របសម្រួល​ជំហរ នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ជាពិសេស នៅក្នុង​អាស៊ាន និង​អង្គការសហប្រជាជាតិ​។ ភាគី​វៀតណាម​បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដែល​ភាគី​កម្ពុជា​បានផ្តល់​ដល់​ប្រទេស​វៀតណាម ក្នុងអំឡុងពេល​ធ្វើជា ប្រធាន​អាស៊ាន ឆ្នាំ​២០២០ និង​បាន​សន្យា​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ក្នុងការ​រៀបចំ​ឲ្យ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី -​អឺរ៉ុប​លើក​ទី ១៣ នៅ​ឆ្នាំ​២០២១ និង​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។

​ភាគី​ទាំងពីរ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ទៅវិញទៅមក​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ បន្ត​សម្របសម្រួល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​ដែល​បាន គ្រោងទុក និង​បទល្មើស​អឺ​ន​ធឺ​ណែ​ត និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​យន្តការ​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​នៅ គ្រប់​វិស័យ​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ធនធានមនុស្ស ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​សម​ភាគី​វៀតណាម ដែល​បាន​សម្របសម្រួល​ឱ្យ​និស្សិត​កម្ពុជា អាច​ចូល ទៅ​ប្រទេស​វៀតណាម​ឡើងវិញ​បាន ដើម្បី​បន្ត​ការសិក្សា​របស់​ពួកគេ ។ ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត ផ្តល់​អាហារូបករណ៍​ឱ្យ​គ្នា​ទៅវិញទៅមក ដល់​សិស្ស​-​និស្សិត សម្រាប់​ឆ្នាំ​សិក្សា​២០២០ និង​២០២១​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភាគី​ទាំង​ពីរបាន បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុងការ​គ្រប់គ្រង សកម្មភាព កេង​ប្រ​វ័​ញ​ខុសច្បាប់​នានា ការដឹកជញ្ជូន​និង​ការជួញដូរ​ឈើ​ហ៊ុ​ប និង​សត្វព្រៃ​ខុសច្បាប់​ឆ្លងដែន​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ធ្វើការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ផ្នែកអនាម័យ​សត្វ និង​រុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផល​សាច់គោ សាច់ជ្រូក និង ប្រព័ន្ធធារាសាស្ត្រ​។​

​ភាគី​ទាំងពីរ បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​អនុវត្ត​ឱ្យបាន ជោគជ័យ​នូវ​គម្រោង​នានា​ផ្នែក​បរិស្ថាន ធនធានទឹក និង​ឧតុនិយម​។ ភាគី​ទាំងពីរ បាន​ឯកភាព បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់ ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានទឹក​ទន្លេមេគង្គ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ក៏ដូចជា​ការជំរុញ​ការការពារ និង​អភិរក្ស​បរិស្ថាន សកម្មភាព ពាក់ព័ន្ធ​អាកាសធាតុ កំណើន​បៃតង និង​ការគ្រប់គ្រង​ដីធ្លី​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុងការ​ស្វែងរក កាលានុវត្តភាព សម្រាប់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ក្នុង​វិស័យ ថាមពល និង​ការសិក្សា ស្រាវជ្រាវ​រួម ស្តីពី​ការអភិវឌ្ឍ​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ភាគី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត ចំពោះ​ការវិវឌ្ឍ យ៉ាងខ្លាំង​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ទំហំ​ពាណិជ្ជកម្ម មាន​ចំនួន ៥,២៧ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ដែល​ចំនួន​នេះ​លើសពី​ទំហំ​គោលដៅ ៥​ប៊ី​លាន​ដុល្លារ​អាមេរិក មុន​កាលកំណត់ ឆ្នាំ​២០២០ និង​បាន​អះអាងថា នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​នាំចូល​និង​នាំចេញ​រវាង​ប្រទេស​ទាំងពីរ​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ ភាគី​ទាំង​ពីរបាន​ឯកភាព​ចាត់វិធានការ សមស្រប​ទាក់ទង​នឹង​ការសម្រួល​ផ្នែក​វិនិយោគ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ រាតត្បាត​កូ​វីដ​-១៩ នៅក្នុង​វិស័យសេដ្ឋកិច្ច​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការថែទាំ​សុខភាព ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​នូវ “ កិច្ចព្រមព្រៀង​ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផ្នែក​សុខភាព​នៅតាម​ព្រំដែន ” ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល ទាំងពីរ​ក្នុង​ឆ្នាំ ២០០៦ នៅ​រាជធានី​ភ្នំពេញ និង សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ឆ្លើយតប និង​ទប់ស្កាត់​ទាន់ពេលវេលា​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ ផ្ទុះឡើង​នៃ​មេរោគ​ដទៃទៀត​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង ពីរ រួមមាន ការផ្តល់​អាហារូបករណ៍ ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា សិក្ខាសាលា ឬ​សន្និសីទ​ស្តីពី​ការថែទាំ​សុខភាព​។​

​ចំពោះ​បញ្ហា​ព្រំដែន​ភាគី​ទាំងពីរ​បា​នប ញ្ជា​ក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការគោរព និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​បណ្តា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ចម្រុះ ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​(JBCs) នៃ​ប្រទេស​ទាំងពីរ ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ និង​ពិភាក្សា​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ ដែល​អាច​ទទួលយកបាន​ទាំងសងខាង ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ ចំពោះ​ព្រំដែន​គោក​ចំនួន ១៦%​ទៀត ដែល​ពុំទាន់​បាន ខណ្ឌសីមា​នៅឡើយ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​កិច្ចសហប្រតិបត្តិការ ផ្សេងៗ​ទៀត នៅក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រាស​មីក្រូ​ធុន​តូច និង​មធ្យម ពន្ធគយ ការដឹកជញ្ជូន អាកាសចរណ៍​ស៊ីវិល ទូរគមនាគមន៍ ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​គមនាគមន៍​(ICTs) ហិរញ្ញវត្ថុ និង​ធនាគារ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បញ្ហា​ច្បាប់ និង​យុត្តិធម៌​។ ភាគី​ទាំងពីរ ក៏បាន ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង និង​សកម្មភាព​ដែល​មិនទាន់​សម្រេចបាន​ផ្សេងទៀត ខណៈពេល កំពុង​រិះរក​មធ្យោបាយ និង​វិធីសាស្ត្រ​ជាក់លាក់ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម ផាម ប៊ិ​ញ​មិញ បានធ្វើការ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម និង​ធ្វើការ​ផ្លាស់ប្តូរ​លិ​ខិ​តូប​ករ​ណ៍​នៃ​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕

អត្ថបទដែលជាប់ទាក់ទង