ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ កាន់កាប់ រក្សាទុក​អាវុធ​ខុសច្បាប់ នៅ​ខេត្ត​ព្រះសីហនុ​

250

 

​ព្រះសីហនុ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់ រក្សាទុក​អាវុធ​ខុសច្បាប់​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​នឹង​៥០​នាទី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន្ន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ឃើញ​ជនជាតិ​ចិន​ម្នាក់​ពាក់អាវ​ខ្មៅ មាន​កាបូប​សង្ស័យ​មាន​អាវុធខ្លី បាន​ឡើង​ជិះ​រថយន្ត​១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AT-6732 នៅ​ចំណុច​ផ្លូវ​ពយ​កំ​ពេញ​ចាស់ ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​៣ ចុះ​ទៅដល់​កន្លែង​ទីតាំង​ខាងលើ រួច​ត្រួតពិនិត្យ​រថយន្ត​ជា​លទ្ធផល ឃើញ​មាន​ជនជាតិ​ចិន​១​នាក់ និង​រកឃើញ​មាន​អាវុធខ្លី​១​ដើម ម៉ាក SIGSAUER ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ 58C315204 បង់​កាំភ្លើង​១ មាន​គ្រាប់​៩​គ្រាប់​។​

​លោកស្នងការ​បន្តថា បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​នោះ និង​រថយន្ត​១​គ្រឿង​ខាងលើ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​។ ជនសង្ស័យ​ឈ្មោះ Wu Hai Zhu ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ពុំមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​វត្ថុតាង​ចាប់យក​បាន​៖ អាវុធខ្លី​១​ដើម ម៉ាក SIGSAUER ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ 58C315204 បង់​កាំភ្លើង​១ មាន​គ្រាប់ ៩​គ្រាប់​, ទូរស័ព្ទដៃ​៣​គ្រឿង (​ម៉ាក​i-Phone X ពណ៌​ខ្មៅ ១​គ្រឿង​, ម៉ាក​i-Phone X11 ពណ៌​ទឹកមាស ១​គ្រឿង និង​ម៉ាក i-Phone X 12 ពណ៌​ខ្មៅ​១​គ្រឿង​), រថយន្ត ១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AT-6732​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​បន្ត​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕​

អត្ថបទដែលជាប់ទាក់ទង