ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ

53

 

(សេណេហ្កាល់)៖ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) បានបង្ហាញថា ប្រទេសកម្ពុជា បានឡើងមកឈរនៅលើកំពូលតារាង ដោយជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ។

បើតាមរបាយការណ៍ខាងលើដដែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយដោយប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។ ចំណែកឯប្រទេសដែលជាប់ចំណាត់ថ្នាក់ ខ្សោយជាងគេរួមមាន៖ ប្រទេសអាហ្រ្វិកខាងត្បូង, លីតតូនី, អេស្ប៉ាញ និងប្រទេសក្រិក។

ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លង COVID-19 មួយចំនួន ត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេសហុងគ្រីឆ្លង COVID-19 បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាដដែល។

ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាព នៃការដាក់ចេញ និងអនុវត្តនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, សាលកីឡា, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពី COVID-19, ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) ក៏បានឱ្យចំណាត់ថ្នាក់ល្អដល់ប្រទេសកម្ពុជាផងដែរ។

កាលណោះកម្ពុជា បានជាប់ចំណាត់លេខ៣ កម្រិតពិភពលោក និងលេខ១ ក្នុងទី្វបអាស៊ី ក្នុងនាមជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយប្រទេស សាំងឃីត និងណេវីស (Saint Kitts and Nevis) ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសស៊ីស្ហែល (Seychelles) ឈរនៅលេខរៀងទី២។

របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ធ្វើឡើងដោយផ្អែកលើ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានអ្នកឆ្លងសរុបចំនួន៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៣នាក់៕

អត្ថបទដែលជាប់ទាក់ទង