ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីកសិកម្ម បូកសរុបបញ្ចប់ការងារ បង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០

35

ភ្នំពេញ៖នៅទីស្តីការក្រសួង នៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងមន្រ្តី។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ស្ថិតិដំណាំកសិកម្មមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលពីព្រោះវាគឺជាសូចនាករណ៍មួយអាចវិភាគ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រែប្រួល និងលើកវិធានការដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មដែលជះឥទិ្ធពលមកលើគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងក្នុងរយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងមានវិធានការទប់ស្កាត់នូវបាតុភាពអតុល្យភាព “រវាងផ្គត់ផ្គង់ និងតម្រូវការ”។ ជារៀងរាល់ឆ្នាំ ក្រសួងបានរៀបចំចងក្រង និងផ្សព្វផ្សាយឯកសារស្ថិតិស្តីពីដំណាំកសិកម្មប្រចាំឆ្នាំ ដែលតួលេខទាំងអស់បានធ្វើការដកស្រង់ និងបូកសរុបដោយផ្អែកទៅលើការធ្វើអង្កេតរបាយការណ៍របស់មន្ទីរ។ ការប្រមូលទិន្នន័យស្ថិតិដំណាំកសិកម្ម បានអនុវត្តដោយផ្អែកលើការបូកបញ្ចូលទិន្នន័យនៅរដូវវស្សា (ចាប់ពីខែមេសា ដល់តុលា) និងរដូវប្រាំង (ចាប់ពីខែវិច្ឆិកា ដល់ខែមីនា)។ យោងលើរបាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាលទ្ធផលនៃការចុះស្រង់ស្ថិតិ ឆ្នាំ២០២០ នៃដំណាំកសិកម្មសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. ដំណាំស្រូវមានផ្ទៃដីដាំដុះចំនួន ៣,៣៩០លានហ.ត ទិន្នផលជាមធ្យមប្រមាណ ៣,៣៣ត/ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ១០ ៩១៤ ៧០៥តោន។
២. ដំណាំសាកវប្បកម្មរយៈពេលខ្លីមានចំនួន ១០២ ១៩១ហ.ត ទទួលបរិមាណផលចំនួន ៩ ៩៩៣ ០៣០ រយៈពេលវែងមានចំនួន ២១០ ៤៥៥ ហ.ត ទទួលបានបរិមាណផលចំនួន ៧២៩ ៩៤៣ត សរុបបរិមាណផល ១០ ៧២២ ៩៧៣ តោន។
៣. ដំណាំឧស្សាហកម្មរយៈពេលខ្លីមានផ្ទៃដីដាំដុះចំនួន ៨៧៦ ២៥៣ហ.ត និងទទួលបានបរិមាណផលចំនួន ១២ ៦៦៧ ៩៨៩តោន។ ផ្ទៃដីដាំដុះរយៈពេលវែងមានចំនួន ២៤៦ ៨១៥ហ.ត និងអាចទទួលបានបរិមាណផលចំនួន ៣៥២ ២៧៩តោន។

ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូអំណត់ព្យាយាម ជំនះបាននូវរាល់ឧបសគ្គ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងនូវការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដោយឈរលើឧត្តមគតិរួមមួយគឺគាំទ្រ និងចូលរួម “ប្រែក្លាយកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរ ភាពដើម្បីបង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍដោយនិរន្តរភាព” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងប្រែក្លាយវិស័យនេះពីដំណាក់កាលផលិតកម្មបែបយថាផល ឈានទៅរកដំណាក់កាលផលិតកម្មបែបប្រពលវប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំ ដែលមានសក្តានុពល និងតម្រូវការទីផ្សារ ដែលត្រូវចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីប្រែក្លាយមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ កសិកម្មគឺជាជីពចរនៃពលរដ្ឋកម្ពុជា” ទទួលបានតម្លៃបន្ថែម និងធានាបាននូវអតិរេកសម្រាប់ការនាំចេញ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរ និងមន្រ្តីជំនាញទាំងអស់ដែលមានខ្លឹមសារទាក់ទង៖

ទី១-អគ្គនាយកដ្ឋានកសិកម្ម ត្រូវសម្រួលការបូកសរុបទិន្នន័យ ផលិតកម្មដំណាំកសិកម្មចាប់ពីឆ្នាំ២០២០ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ ពោលគឺបូកទិន្នន័យរដូវប្រាំង ជាមួយនឹងទិន្នន័យរដូវវស្សា។
ទី២-ត្រូវបែងចែកដំណាំសាកវប្បកម្មជា៣ក្រុមទី១-បន្លែ (ផ្លែ ដើម-ស្លឹក-ផ្កា និងមើម) ទី២-ឈើហូបផ្លែ និងទី៣-រុក្ខជាតិលម្អ ហើយត្រូវស្រង់ស្ថិតិទៅតាមក្រុមនីមួយៗ។
ទី៣-ត្រូវបែងចែកដំណាំឧស្សាហកម្មជា៣ក្រុមទី១-ផ្តល់ជាតិម្សៅនិងស្ករ ទី២-ផ្តល់ប្រេង សរសៃ និងសារជាតិញៀន និងទី៣-ជាគ្រឿងទេស ហើយស្រង់ស្ថិតិទៅតាមក្រុមនីមួយៗ។
ទី៤- មន្ទីរត្រូវធ្វើរបាយការណ៍បង្កបង្កើនផលដំណាំស្រូវ ដំណាំសាកវប្បកម្មរយៈពេលខ្លី និងដំណាំឧស្សាហកម្មរយៈពេលខ្លី (ដំណាំរដូវ) ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព។
ទី៥-មន្ទីរត្រូវធ្វើរបាយការណ៍ បង្កបង្កើនផលដំណាំសាកវប្បកម្មរយៈពេលវែង និងដំណាំឧស្សាហ កម្មរយៈពេលវែង ប្រចាំត្រីមាស ឆមាស និងឆ្នាំ។
ទី៦- អគ្គនាយកដ្ឋាន និងមន្ទីរ ត្រូវសម្របសម្រួលនិងចុះប្រមូលទិន្នន័យដំណាំកសិកម្ម ទាំងកម្រិតគ្រួសារ ការវិនិយោគនិងក្រុមហ៊ុនដីសម្បទានសេដ្ឋ-កិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ។
ទី៧- មន្ទីរត្រូវសម្របសម្រួលកត់ត្រាការនាំចេញ កសិផលក្រៅផ្លូវការតាមខេត្តនីមួយៗលើមុខដំណាំសំខាន់ៗ និងរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មជាប្រចាំថ្ងៃ ព្រមទាំងត្រូវសហការក្តាប់ឱ្យបានអំពីការនាំចូលកសិផលតាមច្រកព្រំដែននានា។
ទី៨-អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានផែនការ ស្ថិតិ ត្រូវរៀបចំប្រព័ន្ធប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យស្ថិតិកាន់តែមានភាពសុក្រឹត។
ទី៩-មន្ទីរត្រូវរាយការណ៍ទិន្នន័យគ្រប់ប្រភេទ តាមទម្រង់ដែលបានកំណត់ ទៅស្ថាប័នពាក់ព័ន្ធឱ្យទាន់ពេលវេលា និងមានសង្គតិភាព។
ទី១០- មន្ទីរទាំងអស់ត្រូវក្តាប់ឲ្យបាននូវសកម្មភាព របស់ក្រុមហ៊ុន អង្គការ និងសហគមន៍នានា ដែលទាក់ទងការងារកសិកម្ម ដើម្បីស្នើសុំកិច្ចសហការតាមគ្រប់រូបភាព៕

 

អត្ថបទដែលជាប់ទាក់ទង