ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿង បុកគ្នាស្លាប់៨នាក់ ក្បែរស្ពានអូរតាគី

60

បាត់ដំបង ៖ មនុស្ស៨នាក់បានស្លាប់ ក្នុងនោះស្រី៤នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយ រវាងរថយន្តដឹកទឹកកក និងរថយន្តកាម៉ារីហើម ក្នុងទិសដៅបញ្ច្រាសគ្នា ក៏បុកពេញទំហឹងតែម្តង។

អធិការនគរបាលស្រុកថ្មគោល សូមជូនដំណឹងដល់ក្រុមគ្រួសារសពថា នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធុនធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ នៅកន្លែងកើតហេតុចំនួន៨នាក់។ ករណីនេះ កម្លាំងនគរបាលចរាចរណ៍ បានសង្រ្គោះអ្នករងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង៨នាក់ បានដឹកសពយកមកតម្កល់ទុកនៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានកាត់រថយន្តយកសាកសព៧នាក់ ចេញពីរថយន្តកាម៉ារីហើម ដែលទំនងជារថយន្តតាស៊ី ដែលកំពិតរួញខ្ទេចផ្លាកលេខកំពង់ស្ពឺ 2A-0377 និងស្ទូចរថយន្តដឹកទឹកកក ដើម្បីយកសាកសពម្នាក់ ដែលកៀបជាប់នឹងកាប៊ីនរថយន្ត។

សមត្ថកិច្ចបានស្ទូចរថយន្តទាំងពីរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តទាំងយប់ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង