ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកសម្ពោធឱ្យដំណើរការ ផ្សារចុងសប្ដាហ៍ ដើម្បីជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច ស្ថិតក្នុងសង្កាត់ក្រចេះ

158

ក្រចេះ​៖ រដ្ឋបាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្តក្រចេះ បានប្រកាស​បើកសម្ពោធ​ឱ្យ​ដំណើរការ​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​ជំរុញ​ទីផ្សារ​សម្រាប់ កសិករ​ខ្នាតតូច ដែលមាន​ទីតាំង​នៅក្បែរ​ស្ពានស ស្ថិតក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ក្រោម​ការ​រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តក្រចេះ រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​លោក ជា វេ​ង ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា ការបង្កើត​ផ្សារ​ចុង​សប្ដាហ៍​នេះ ជា​គោលបំណង​ធំ​របស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​បង្កើត​ទីផ្សារ​កសិកម្ម​ខ្នាតតូច​ក្នុង​គោលបំណង​បង្កើន​ចំណូល ដល់​កសិករ​ដែល​ដាំ​បន្លែ​ក៏ដូចជា​ផលិតផល​ក្នុងស្រុក​, ចង់​ឲ្យ​មាន​ជំនួប​រវាង​កសិករ​ជា​អ្នក​ផលិត ជាមួយ​អ្នកទិញ​ដើម្បីឱ្យ​គាត់​ជួបគ្នា ដើម្បី​ប្រាស្រ័យ​ដោះដូរ​ផលិតផល​របស់គាត់ ដែល​គាត់​ផលិត​បាន​និង​អ្នកទិញ ចង់​ទិញ​ផលិតផល​របស់គាត់​។​

​លោក ជា វេ​ង បញ្ជាក់ទៀតថា ចំពោះ​ស្តង់​ដែល​ដាក់តាំង​លក់​មាន​ចំនួន​១១​ស្តង់ ហើយ​គ្រោង​និង​បង្កើត​ថែមទៀត​អាច​ដល់​ទៅ​២០​ស្តង់ ហើយ​ដាក់លក់​មានដូចជា​បន្លែ មាន់​ស្រែ អង្ករ ព្រមទាំង​ផលិតផល​ផ្សេងទៀត ដែល​ផលិត​ក្នុងស្រុក​ឲ្យ​យកមក​ដាក់លក់​នៅទីនេះ ហើយ​លក់​មួយ​សប្ដាហ៍​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៨​យប់​។​

​ឯកឧត្តម គង់ គឹម​នី បាន​បញ្ជាក់ថា ពាក់​ព​ន្ធ័​ការបង្កើត​ផ្សារ​ចុង​សប្ដាហ៍​នេះ​គឺ​ផ្ដោតទៅលើ​កសិករ ដែល​ផលិត​ជា​សហគមន៍​របស់​ពួកគាត់​ដែល​បាន​ផលិត​បន្លែ​ធម្មជាតិ និង​ត្រី​សាច់ កសិផល​ផ្សេងៗ​នៅ​ខេត្តក្រចេះ ដើម្បី​បង្កើត​ប្រាក់ចំណូល​ចេញពី​ការធ្វើ​កសិកម្ម​សម្រាប់​ក​សិ​ករ​ខ្នាតតូច តាមរយៈ​ការធ្វើ​វិនិយោគសាធារណៈ​ប្រកបដោយ ប្រសិទ្ធភាព​។​

​ឯកឧត្តម គង់ គឹម​នី បន្តទៀតថា ផលិតផល​ដែល​តាំង​លក់​ក្នុង​ផ្សារ​ចុង​សប្ដាហ៍​នេះ គឺជា​កសិផល​របស់​ក​សិ​ករ​នៅក្នុង​សហគមន៍ ហើយ​បន្លែ​ផ្លែឈើ មាន់​ស្រែ អង្ករ ដែល​ផលិត​ចេញពី​កសិករ គឺ​ធានា​សុវត្ថិភាព មិនមាន​សា​ធាតុគីមី និង​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ដែល​មិនមាន​គុណភាព​ចូលមក​ខេត្តក្រចេះ​។​

​ក្នុងនាម​អាជ្ញាធរខេត្ត សូម​អំពាវនាវ​ដល់ក​សិ​ករ បង្កើន​ការដាំ​បន្លែ ផ្លែឈើ​ធម្មជាតិ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ឲ្យ​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ មិន​ត្រឹមតែ ក្នុង​ខេត្តក្រចេះ​នោះទេ និង​លក់​ឲ្យ​បងប្អូន​ជា​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កំសាន្ត​ក្នុង​ខេត្ត ហើយ​សុំ​ឲ្យ​កសិករ​នៅក្នុង​សហគមន៍​ប្រើស​ផលិតផល​ធម្មជាតិ​ពិតៗ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង