ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ ចេញមុខ​ដោះស្រាយ ​វិវាទ​ដីធ្លី​ប្រជាពលរដ្ឋ​និង​ពី​ក្រុមហ៊ុន នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង

88

 

​ភ្នំពេញ​៖ លោក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ភូមិ អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ដោយមាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុមហ៊ុន​ចំពោះ​វិវាទ​ដីធ្លី ដែល​បាន​បណ្តាល​ឲ្យ​មាន​អំពើ​ហឹ​ង្សា​កាលពីពេល​ថ្មីៗ​កន្លងមក នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​បញ្ជាក់ថា នៅ​ថ្ងៃ​សៅរ៍​នេះ ខ្ញុំ​បាន​ឆ្លៀតពេល​ចុះមក​ជួប​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ នៅ​ទីកន្លែង​កើត​ហ​តុ​ដែល​បងប្អូន​កំពុង​រស់នៅ​។
​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានទទួល​ខ្ញុំ និង​ក្រុមការងារ​ដោយ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន ជាមួយនឹង​ជំនឿ​ជឿជាក់​លើ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​សម្តេច​តេ​ជោ​។
​ខ្ញុំ​បាន​សួរនាំ​ព័ត៌មាន​មួយចំនួន​រួចហើយ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​កាន់កាប់​គ្របគ្រង​អាស្រ័យ​ផល​លើដី ហើយក៏​បានធ្វើ​បញ្ជី​ស្រង់​ឈ្មោះ​បងប្អូន​បាន​មួយចំនួន​ហើយ​ដែរ ដែល​កំពុងមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​។

​ទន្ទឹមនឹងនេះ ខ្ញុំ​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ទុកពេល​វេលា​ឲ្យ​ខ្ញុំ​ធ្វើ​ការជូន​។ រីឯ​ចំពោះ​បងប្អូន​អ្នកកាសែត​វិញ សូមកុំ​សរសេរ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ បន្ថែម​បញ្ហា​ដល់​ការដោះស្រាយ​ទំនាស់​នេះ​។
​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​។​

​សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​មក​លោក ភឺន ផល្លា , លោក​ភោគ វ​ឌ្ឍ​នា​, លោក​ឈិន ហ៊ាង និង​លោក​ឈិ​ត ហ៊ាន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង ស្តីពី​ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជម្រាប​មក លោក ភឺន ផល្លា , លោក ភោគ វ​ឌ្ឍ​នា​, លោក ឈិន ហ៊ាង , លោក ឈិ​ត ហ៊ាន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង ជ្រាបថា​៖ ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង និង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចាត់តាំង​ក្រុមការងារ​ចម្រុះ ចុះ​អង្កេត​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ចាប់តាំងពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​បូកសរុប​លទ្ធផល នៃ​ការអង្កេត​ស្រាវជ្រាវ​ជូន​ថ្នាក់ ដឹកនាំ​ពិនិត្យ​សម្រេច ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​លេខ ៥៧៩ សជណ ជម្រាបជូន​រដ្ឋបាល​ស្រុក​ព្រៃនប់ ផ្អាក​នូវ​ការចុះ​ស្រង់​ស្ថិតិ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ការសម្របសម្រួល​ផ្សេងៗ​រវាង​គូភាគី ដើម្បី​ទុក​ភារកិច្ច ដល់​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ធ្វើការ ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ដើម្បី​ជៀសវាង​នូវ​បាតុភាព​ផ្សេងៗ ដែល​អាច​កើតឡើង​ក្នុង​សំណុំរឿង​វិវាទ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​លោក លោកស្រី​ជា​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រក្សា​ស្ថានភាព​ដើម លើ​ទីតាំង​ដី​វិវាទ​ជា​បណ្តោះអាសន្ន និង​ជៀសវាង​រាល់​ការធ្វើសកម្មភាព​ផ្សេងៗ ដែលជា​ហេតុ​បង្ក​ការរាំងស្ទះ យឺតយូរ​ដល់​ដំណើរការ​អង្កេត ស្រាវជ្រាវ និង​ស្នើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ រងចាំ​លទ្ធផល​អង្កេត​ស្រាវជ្រាវ​របស់​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត ដែល​នឹងត្រូវ​ធ្វើការ​បូកសរុប​បញ្ចប់​នាពេល​ខាងមុខនេះ ។​

​ករណី​វិវាទ​ដីធ្លី​ឈានដល់​ការផ្ទុះ​អំពើ​ហឹ​ង្សា កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់​។ លោក​អធិការ​ស្រុក​ព្រៃនប់​អះអាងថា​មនុស្ស​៨​នាក់​នោះ​ជា​ភាគី​ខាង​ក្រុមហ៊ុន​ភឺន ផល្លា ចំណែក​ភាគី​ខាង​ពលរដ្ឋ មិនទាន់មាន​ការឃាត់​ខ្លួន​ទេ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន ប្រាប់​កាសែត​ក្នុងស្រុក​ថា កាលពី​ម្សិលមិញ​នេះ​មាន ពលរដ្ឋ​ពីរ​ក្រុម​បាន​ប៉ះទង្គិច​គ្នា ក្នុង​រឿង​ជម្លោះដីធ្លី​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​រហូតដល់​ផ្ទុះអាវុធ និង​រងរបួស​ទាំងសងខាង​។ ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន បណ្តោះអាសន្ន នូវ​មនុស្ស ៨​នាក់ យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​សាកសួរ​និង​ចាត់វិធានការ ច្បាប់​ចំពោះ​ជនដៃដល់​។ នៅថ្ងៃនេះ សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ចុះ​ស្រាវជ្រាវ​ស្វែងរក​ការពិត​បន្ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក​ហួ យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់ បញ្ជាក់​រឿងហេតុ​នេះ​ថា​៖​ជម្លោះដីធ្លី​ឈានដល់​ផ្ទុះ​ជា​អំពើហិង្សា​នេះ កើតឡើង រវាង​ក្រុមហ៊ុន ភឺន ផល្លា និង​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងរបួស ក្នុងនោះ​ភាគី​ក្រុមហ៊ុន​រង​បួស​មធ្យម​ចំនួន​០២​នាក់ (​ប្រុស​) រីឯ​ភាគី ខាង​ប្រជាពលរដ្ឋ រង​បួស​មធ្យម​ចំនួន​៣​នាក់ (​ស្រី​១​នាក់​) មូលហេតុ ដោយសារ​ខាង​ក្រុមហ៊ុន បាន​ចុះ ហាមឃាត់ ប្រជាពលរដ្ឋ មិន​ឲ្យ​សាងសង់​ផ្ទះ ទើប​បណ្តាល​ឲ្យ​កើតជា​អំពើហិង្សា​ឡើង ។ របាយការណ៍​បន្ថែមថា ពេល​មាន​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក ក្នុងនាម​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ចុះទៅ​អន្តរាគមន៍ រក​ដំណោះស្រាយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គា្ន​កាន់តែ​ច្រើនឡើង​ហើយ​បិទផ្លូវ​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញមកក្រៅ ដោយ​ចោទថា ខាង​ក្រុមហ៊ុន ប្រើ​អំពើ​ហឹ​ង្សា​និង​បាញ់​គំរាម​ប្រជាពលរដ្ឋ​ថែមទៀត ។ ក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ក្រៅពី​មាន​មនុស្ស​រងរបួស ក៍មាន​រថយន្ត​មួយគ្រឿង​របស់​ភាគី​ក្រុមហ៊ុន​រង​ការខូចខាត​ផងដែរ​។ របាយការណ៍​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​មនុស្ស ចំនួន​០៨​នាក់ ដែលជា​ភាគី​ខាង​ក្រុមហ៊ុន​រួមមាន ៖ ១.​ឈ្មោះ គង់ រក្សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ ២. ឈ្មោះ សាំង កូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ៣.​ឈ្មោះ​សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៤.​ឈ្មោះ​សៀ រដ្ឋា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៥.​ឈ្មោះ​ឡៅ តឹក​យូ អាយុ​៥៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៦.​ឈ្មោះ​ចក់ សុគន្ធ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៧.​ឈ្មោះ សុង ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៨.​ឈ្មោះ​ផាន សា​ពេជ្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ចុងក្រោយ​នៃ​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បញ្ជាក់ថា ចំពោះ​ករណី​ថា​មានការ​ផ្ទុះអាវុធ​ក្នុង​ជម្លោះ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង