ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង បង្កើនការផ្តល់ចំណីបន្ថែម ដល់សត្វត្មាត បន្ទាប់មិនមាន គ្រប់គ្រាន់កន្លងមក

51

ស្ទឹងត្រែង៖ សត្វត្មាតចំនួនបីប្រភេទសរុបប្រមាណជិត១០០ក្បាល រស់នៅតំបន់ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ក្នុងភូមិសាស្ត្រឃុំព្រែកមាស និងឃុំ ថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអង្គការជីវិត សត្វស្លាបអន្តរជាតិ ក្រុមហ៊ុនរ៉ាយស៊ីងហ្វីនីក ប្រចាំនៅស្រុកនេះ បង្កើនការដាក់ចំណីឱ្យស៊ីក្នុងមួយខែ៤លើក ដើម្បីអភិរក្សតុល្យភាពចំណីអាហារ ជំនួសអាហារក្នុងព្រៃធម្មជាតិ ដែលបន្តថយចុះជាលំដាប់។

លោកលាង ប៊ុនប៉ែង បុគ្គលិកអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង បានបញ្ជាក់ថា បច្ចុប្បន្នការផ្តល់ចំណី បន្ថែម យើងធ្វើឡើងក្នុងមួយខែ ៤លើក ជារៀងរាល់ខែនៅថ្ងៃដើមសប្តាហ៍ ដើម្បីឱ្យសត្វត្មាតវាមកស៊ី ព្រោះចំណីធម្មជាតិ ក្នុងព្រៃបច្ចុប្បន្នមិនសម្បូរបែបទេ ។ បន្ទាប់ពីពួកវាត្រូវបានអត់អាហាជាច្រើនសប្ដាហ៏កន្លងមកនោះផងដែរ ។

ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាត កាលពីថ្ងៃទី៣០ ធ្នូ២០២០ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការធ្វើបែបនេះដើម្បីថែទាំសត្វត្មាតឱ្យនៅគង់វង្សក្នុងដែនជម្រក កុំឱ្យផុតពូជពីតំបន់នេះ ព្រោះពួកវាជាសត្វកម្របំផុត នៅលើពិភពលោក ។ នៅពេលដែលពពួកសត្វស្លាបនេះរស់នៅបន្តពូជបានច្រើន អាជ្ញាធរពាក់ព័ន្ធនឹងបង្កើតជា រមណីយដ្ឋានទេសចរណ៍សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ នៅក្នុងស្រុកជាប់ព្រំដែនមួយនេះ ដើម្បីបង្ខិតភាពស្និតស្នាល រវាងភ្ញៀវទេសចរនិងសម្បត្តិធម្មជាតិ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋ នៅឃុំព្រែកមាសនិងឃុំថ្មកែវបាននាំគ្នាដាំដុះស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ហៅកាត់ថាត្រយង ដែលជាយន្តការបង្កើនជីវភាពសហគមន៍ និងកាត់បន្ថយការចូលព្រៃបរបាញ់សត្វគ្រប់ប្រភេទ និង ការកាប់រានទន្រ្ទានដីព្រៃខុសច្បាប់។
លោកសំ ប៊ុនធិន អភិបាលរង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា នេះជាយន្តការមួយ ជំរុញឱ្យប្រជាពលរដ្ឋ បញ្ឈប់ការចូលព្រៃបរបាញ់សត្វនិងកាត់បន្ថយការពឹងផ្អែកលើផលអនុផលព្រៃឈើបានច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្ថែមថាការអភិរក្សសត្វស្លាប ប្រជាពលរដ្ឋបានភ្ញាក់រលឹកចូលរួម ព្រោះបងប្អូន បានចាត់ទុកថាពពួកសត្វទាំងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និង ចង់ឃើញពពួកសត្វត្មាតនេះ។
សូមបញ្ជាក់ថា សត្វត្មាតបច្ចុប្បន្ននេះពេលក្រុមការ ងារដាក់ចំណីឱ្យម្ដងៗសង្កេតឃើញ មានចំនួនចន្លោះ ចាប់ពី៦០ទៅ៩០ ក្បាលតែប៉ុណ្ណោះ ដែលជាចំនួនច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ យើងក៏ឃើញមានសត្វត្រយងយក្ស(25%)-ត្រយងចង្កំ.ក. ស(40%)-ត្រដក់តូច ត្រដក់ធំ ក្រៀល អង្កត់ ខ្មៅ កុកពាក់អំបោះ និងថនិកសត្វជាច្រើនទៀត បាននិងកំពុងមានវត្តមាន នៅទំនប់ដែនជម្រកសត្វព្រៃ សៀមប៉ាងខេត្តស្ទឹងត្រែង ចម្ងាយពីទីរួមខេត្តប្រមាណជាង១០០ គីឡូម៉ែត្រ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង