ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល អំពាវនាវចំពោះបងប្អូនពលករកម្ពុជា ដោយមិនត្រូវវិលត្រឡប់មក ស្រុកកំណើតវិញក្នុងដំណាក់កាល ដែលអាជ្ញាធរថៃកំពុងដាក់បម្រាម

76

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា
ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីអំពាវនាវចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃសូមគោរពឱ្យបានល្អនូវអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនត្រូវវិលត្រឡប់មក ស្រុកកំណើតវិញក្នុងដំណាក់កាល ដែលអាជ្ញាធរថៃកំពុងដាក់បម្រាមហាមប្រជាពលរដ្ឋថៃ និងជនបរទេសមិនឱ្យចល័ត ពីតំបន់មួយទៅតំបន់មួយ។

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ បានឲ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមធ្វើការអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃសូមគោរពឱ្យបានល្អនូវអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនត្រូវវិលត្រឡប់មក ស្រុកកំណើតវិញក្នុងដំណាក់កាល ដែលអាជ្ញាធរថៃកំពុងដាក់បម្រាមហាមប្រជាពលរដ្ឋថៃ និងជនបរទេសមិនឱ្យចល័ត ពីតំបន់មួយទៅតំបន់មួយ និងកំពុងដាក់វិធានការគ្រប់គ្រង និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងកើតឡើង នៅបណ្តាខេត្តមួយចំនួននៃប្រទេសថៃនោះឡើយ។

បងប្អូនពលករដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងដំណាក់កាលនេះ គឺមានហានិភ័យខ្ពស់ ទាំងផ្នែកសន្តិសុខ និងផ្នែកសុខភាព។ បងប្អូនអាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់អាជ្ញាធរថៃ ក្នុងពេល ធ្វើដំណើរដោយខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ របស់បងប្អូន ក៏ដូចជាសុខភាពសាធារណៈ បងប្អូននឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែនកម្ពុជា-ថៃ យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ចំនួន ១៤ថ្ងៃ បើទោះបីជា បងប្អូនឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកណាមួយក៏ដោយ។

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានធ្វើការ ជាប្រចាំជាមួយភាគីថៃ។ ចំពោះមុខនេះ អាជ្ញាធរថៃមិនចាប់ឃាត់ខ្លួន ឬពិន័យពលករបរទេស និងនិយោជកណាមួយឡើយ ប្រសិនជាពលករបរទេស និងនិយោជកនោះសហការអនុវត្តតាមបទបញ្ជា និងការណែនាំរបស់អាជ្ញាធរថៃ។ ក្នុងពេលដ៏ខ្លី ខាងមុខនេះ ក្រសួងមហាផ្ទៃថៃ និងក្រសួងការងារថៃ នឹងរួមគ្នាស្រង់ឈ្មោះពលករបរទេស និងចេញបណ្ណពណ៌ស៊ីជម្ពូ ដល់ពលករបរទេស ក្នុងនោះក៏មានបងប្អូនពលករកម្ពុជាយើងផងដែរ បើទោះបីជាបងប្អូនមាន ឬគ្មានឯកសារ ក៏ដោយ ។

សេចក្តីដូចបានអំពាវនាវខាងលើ សូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សា ភាពនឹងនរ និងជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

ក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល២០២១នេះ គណៈកម្មការសូមបួងសួង និងជូនពរបងប្អូនពលករកម្ពុជាដែល កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់សូមមានសុខភាពល្អ និងចាកផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង