ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនម្នាក់ បើករថយន្តបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យបាក់អស់ ១ដើម នៅបន្ទប់ភ្លើងលេខ១៨៩-F4

142

ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់បានបើករថយន្តម៉ាក VI GO មួយគ្រឿងក្នុងល្បឿនលឿនជ្រុល ទៅបុកនឹងបង្គោលថ្មដាក់ប្រអប់ភ្លើង ពេញទំហឹងបណ្ដាលឱ្យបាក់អស់១ ដើម ចំណែកឯរថយន្តវិញ រងការខូចខាតខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង ១៥ នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីត្រង់ចំណុចផ្សារបាយ័ន ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ធនៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក VI GO មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2I 3063 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកនិង បង្គោលថ្មដាក់ប្រអប់ភ្លើងពេញទំហឹង បណ្តាលឲ្យបាក់អស់១ដើម រួចសង្កត់ជាប់ពីលើរថយន្ត។
ចំណែកឯតៃកុងរថយន្តវិញ បានរងរបួសស្រាល។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៣និង៥១នាទីទៀបភ្លឺ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ១៨៩-F4 ដើម្បីឲ្យក្រុមការងារបច្ចេកទេស រៀបចំខ្សែបណ្ដាញយារធ្លាក់ ដោយសារមាន រថយន្តបើកបុកបង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV)បាក់ចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០៥:១៩នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង