ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ហ៊្វុនស៊ិនប៉ិច ពីឈ្នះឆ្នោត មកត្រដាបត្រដួស ស្ទើរដាច់ខ្យល់… តែចុងក្រោយនេះ ប្រឹងងើបទាំងលំបាក បានបន្តិច!

412


ភ្នំពេញ៖គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានបង្កើតឡើង ដោយប្តូរឈ្មោះមកពីចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ។ ការប្តូរឈ្មោះចលនាតស៊ូនៅព្រំដែនថៃ មកជាគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិលើកដំបូង រៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣។ កាលណោះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន បានឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈរដ្ឋសភា ៥៨ អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភា នីតិកាលទី១ សរុបចំនួន ១២០ អាសនៈ។
ក៏ប៉ុន្តែជាបន្តបន្ទាប់ មកដល់ឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច នៅសល់សំឡេងគាំទ្រតិចតួច ដោយ ២ អាណត្តិចុងក្រោយនេះ ហ៊្វុនស៊ិនប៉ិច មិនទទួលបានអាសនៈនៅរដ្ឋសភាសោះឡើយ។
លទ្ធផលបោះឆ្នោតរៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ បង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥៨ អាសនៈ ក្នុងរដ្ឋសភា នីតិកាលទី១ ដែលមាន ១២០ អាសនៈ ដោយទទួលបានសំឡេងឆ្នោត ១.៨២៤.១៨៨ សំឡេង ស្មើនឹង ៤៥,៥%។
នៅឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤៣ អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភា ១២២ អាសនៈ ដោយទទួលបានសំឡេងឆ្នោត ១.៥៥៤.៤០៥ សំឡេង ស្មើនឹង ៣១,៧%។
នៅឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦ អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភា នីតិកាលទី៣ មានចំនួន ១២៣ អាសនៈ ដោយទទួលបានសំឡេងឆ្នោត ១.០៧២.៣១៣ សំឡេង ស្មើនឹង ២០,៨%។
នៅឆ្នាំ២០០៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានតែ ២ អាសនៈប៉ុណ្ណោះ នៅរដ្ឋសភា នីតិកាលទី៤ ដែលមាន ១២៣ អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោត ៣០៣.៧៦៤ សំឡេង ស្មើនឹង ៥,០៥%។ គណបក្សហ៊្វុនស៊ិនប៉ិច កាលណោះ បានបែកជាពីរ ដោយមួយក្រុម ទៅបង្កើតគណបក្ស នរោត្តម រណឫទ្ធិ ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន ទទួលបាន ២ អាសនៈ នៅរដ្ឋសភា ដោយទទួលបាន សំឡេងឆ្នោត ៣៣៧.៩៤៣ សំឡេង ស្មើនឹង ៥,៦២%។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច នោះ ដឹកនាំដោយក្រុមលោកញឹកប៊ុនឆៃ មានលោក កែវ ពុទ្ធរស្មី ស្វាមីសម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធាន។
នៅឆ្នាំ២០១៣ គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់ក្រុមលោក ញឹក ប៊ុនឆៃ ដោយមានសម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធាន មិនទទួលបានអាសនៈនៅរដ្ឋសភាទេ គឺបានទទួលសំឡេងឆ្នោតគាំទ្រ ២៤២.៤១៣ សំឡេង ស្មើនឹង ៣,៦៦%។
ក៏ប៉ុន្តែក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ គណបក្សហ៊្វុនស៊ិនប៉ិច ដោយមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន បានទទួលអាសនៈនៅរដ្ឋសភា ចំនួន ៤១ អាសនៈ ហើយក្នុងនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានធ្វើជាអ្នកតំណាងរាស្ត្រ នៅមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីព្រះអង្គ បាត់បង់តំណែងជាអ្នកតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភា ចាប់តាំងពីឆ្នាំ២០០៦។
ចំណែកនៅឆ្នាំ២០១៨ លទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានគ.ជ.ប ប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បង្ហាញថា គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៣៧៣.៥២៦ សំឡេង ស្មើនឹង ៥,៨៨% ដោយឈរនៅលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោតជាង ៤,៨លានសំឡេង ស្មើនឹងជាង ៧៦%។
ក៏ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបោះឆ្នោតនៅអាណត្តិទី៦ នេះ ត្រូវបានគេគិតគូរក្រៅផ្លូវការ ថានឹងមិនទទួលអាសនៈរដ្ឋសភាឡើយ។ ពោលគឺអាសនៈរដ្ឋសភា ក្នុងនីតិកាលទី៦ ដែលមានចំនួនសរុប ១២៥ អាសនៈ នឹងត្រូវបានទៅលើតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។
បើយើងមើលពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោតតែ ១៣២.៣១៩ សំឡេង ស្មើ ១,៩០ % ប៉ុណ្ណោះ។
ដូច្នេះឃើញថា ក្រោយការបែកបាក់ទ្រង់ទ្រាយធំ នៅឆ្នាំ២០០៦ រវាងក្រុមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងក្រុមលោកញឹកប៊ុនឆៃ នាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាក់ចុះនូវចំនួនអាសនៈ និងសំឡេងឆ្នោត ដោយនៅសល់អាសនៈនៅរដ្ឋសភា តែ ២ អាសនៈប៉ុណ្ណោះ នៅឆ្នាំ២០០៨ ហើយឈានទៅលែងមានអាសនៈនៅរដ្ឋសភា ក្នុងឆ្នាំ២០១៣ និងនៅឆ្នាំ២០១៨ នេះ។
ការរលំរលាយហ៊្វុនស៊ិនប៉ិច ចាប់តាំងពីឆ្នាំ២០០៦ ក៏អាចមកពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផ្ទាល់ព្រះអង្គដែរ ដោយសារកាលណោះ ព្រះអង្គ ត្រចៀកស ស្តាប់តែមន្ត្រីឡេងឡើម មន្ត្រីអាក្រក់ ហើយជាងនេះទៅទៀត ព្រះអង្គ បានលែងលះមហេសីដើម គឺអ្នកម្នាង ម៉ារី ហើយទៅយកអ្នកម្នាង អ៊ុក ផល្លា ដែលអ្នកខ្លះថា អ្នកម្នាង អ៊ុក ផល្លា ជាកញ្ជ្រោងបិសាច រហូតធ្វើឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រួមទាំងហ៊្វុនស៊ិនប៉ិច ត្រូវរលាយ ហើយចុងក្រោយបាត់បង់ទាំងជីវិតអ្នកម្នាងខ្លួនឯង រីឯសម្តេចក្រុមព្រះ ក៏រងរបួសធ្ងន់ថែមទៀត។
ក៏ប៉ុន្តែបើមើលពីសំឡេងឆ្នោតវិញ គឺនៅឆ្នាំ២០១៨ នេះ ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានកើនសំឡងដល់ទៅជាង ៣៧ម៉ឺនសំឡេង ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែជាង ២៤ម៉ឺនសំឡេង និងនៅឆ្នាំ២០០៨ មានតែជាង ៣០ម៉ឺនសំឡេងប៉ុណ្ណោះ។
ការថយចុះអាសនៈ និងសំឡេងឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិចជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៣ ដោយសារតែការបែកបាក់ផ្ទៃក្នុងជាបន្តបន្ទាប់ ក្នុងនោះ សូម្បីតែលោកសមរង្ស៊ី ដែលចេញទៅបង្កើតគណបក្សផ្ទាល់ខ្លួន នៅឆ្នាំ១៩៩៥ ក៏ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានអូសទាញថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សហ៊្វុនស៊ិនប៉ិចទៅជាមួយ។ ការបែកបាក់ក៏មានជាបន្តបន្ទាប់ ដោយមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនទៀត បានចាកចេញទៅហ៊្វុនស៊ិនប៉ិច ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៣ ឬចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៣។
រីឯការបែកបាក់ធ្ងន់ធ្ងរ រហូតដល់មិនអាចស្រោចស្រង់បាន គឺនៅឆ្នាំ២០០៦ ដែលហ៊្វុនស៊ិនប៉ិច បែកជាពីរ រវាងក្រុមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងក្រុមរបស់លោកញឹកប៊ុនឆៃ ហើយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបង្ខំចិត្ត ទៅបង្កើតគណបក្សថ្មីមួយទៀត។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលនេះ នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានកើនសំឡេងបន្តិចមកវិញ ដែលហ៊្វុនស៊ិនប៉ិច បានប្រឹងងើបទាំងលំបាក លាយឡំនឹងសំណាងខ្លះដែរ នោះគឺដោយសារតែមិនមានបក្សប្រឆាំងរបស់លោកសមរង្ស៊ី ចូលរួមការបោះឆ្នោតក៏ថាបាន។ ម្យ៉ាងទៀត គណបក្សហ៊្វុនស៊ិនប៉ិច ហាក់ដូចជា ត្រូវប្រជារាស្ត្រអាណត្តិ ដោយសារតែមុនការបោះឆ្នោតតែប៉ុន្មានខែសោះ អ្នកម្នាងអ៊ុកផល្លា មហេសីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលខេត្តព្រៃវែង របស់គណបក្សហ៊្វុនស៊ិនប៉ិចផង បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅពេលចុះទៅពង្រឹងមូលដ្ឋានជាមួយសម្តេចក្រុមព្រះ នៅខេត្តព្រះសីហនុ។ រីឯសម្តេចក្រុមព្រះ ក៏របួសធ្ងន់។ ករណីនេះ ដូចគ្នានឹងករណីរបស់ប៊ុតសីហា ម្ចាស់ពានរង្វាន់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ គឺនៅមុនពេលទទួលបានពានរង្វាន់ ប៊ុត សីហា ក៏បានបាត់បង់ឪពុក ហើយបែបគេអាណិត ក៏បោះឆ្នោតឲ្យប៊ុតសីហាជាប់ជយលាភីពានរង្វាន់លេខ១។
ដូច្នេះពេលនេះ ហ៊្វុនស៊ិនប៉ិច ដែលទទួលបានសំឡេងគាំទ្រងើបឡើងវិញដល់ទៅជាង ៣៧ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំភ្លេចខ្លួន ត្រូវតែពង្រឹង ប្រមូលកម្លាំងឡើងវិញ កុំបែកគ្នា ហើយស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ និងក៏គួរកុំអាងលើព្រេងសំណាង ឬក៏នៅបន្តស៊ីកេរ្តិ៍ ដូចកាលពីពេលបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ និងនៅឆ្នាំ២០១៧ តទៅទៀត។
នៅឆ្នាំ១៩៩៣ អាចមកពីការរៀបចំរបស់អ៊ុនតាក់ផង និងអាចមកពីព្រះកិត្តិនាមរបស់សម្តេចឪ សម្តេចព្រះបិតា នរោត្តម សីហនុ ផង ទើបហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចទទួលបានដល់ទៅ ៦៨ អាសនៈ ឈ្នះលើគណបក្សប្រជាជនកម្ពុជា ដែលទទួលបានត្រឹមតែ ៥១ អាសនៈប៉ុណ្ណោះ នៅឆ្នាំ១៩៩៣។
ចំណែកនៅចុងអាណត្តិទី៥ ក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សហ៊្វុនស៊ិនប៉ិច នៅពេលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ក៏ហេងទៀត នៅសុខៗ ស្រាប់តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោល ដោយសារតែជាប់ទោសរឿងក្បត់ជាតិរបស់លោកកឹមសុខា នាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈតំណាងរាស្ត្រ ចំនួន ៤១ កៅអី ដោយមិនបាច់ខំ ហើយក្នុងនោះ ក៏ដោយទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានក្លាយជាតំណាងរាស្ត្រនឹងគេបានប្រហែលជា ៨-៩ ខែនឹងគេលេងទៅ៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង