ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជិតពីរពាន់នាក់និងសត្វពាហនៈជិតពីរពាន់ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ចាម

201
ខេត្តកំពង់ចាម៖ គិតត្រឹមថ្ងៃទី១០សីហា មនុស្សជិតពីរពាន់នាក់និងសត្វពាហនៈជិតពីរពាន់ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ចាម ហើយដើម្បីបង្កានិងទប់ស្កាត់នូវបញ្ហាដែលបានកើតមានលោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​តែងបានចុះផ្ទាល់ដល់មូលដ្ឋានដែលទទួលរងការលិចលង់​និងបានណែនាំអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។
  ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨​ លោក​ គួច​ ចំរើន​ បានធ្វើដំណើរតាមទូកតូចៗ ចែកអំណោយដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​៨៩គ្រួសារ​ ដែលរស់នៅភូមិរដ្ឋមុនី​ ឃុំមហាលាភ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។
     ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ គួច​ ចំរើន​ បានធ្វើការអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់ពោលគឺ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេង​ៗ​ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស​ ច្រើនផងដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុសបងប្អូនជាបន្ទាន់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
   តាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយនៃខេត្តកំពង់ចាម​ បានបញ្ជាក់ឲ្យដឹងថា​ គិតត្រឹមថ្ងៃទី១០សីហា មានមនុស្សក្មេងចាស់៩នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត មកទល់ពេលនេះ ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម។
   របាយការណ៍នោះ បានបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជិតពីរពាន់នាក់ និងសត្វពាហនៈ ជិត ពីរពាន់ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន១២កន្លែង និងមានមនុស្សក្មេង ចាស់៩នាក់ បានបាត់បង់ជីវិតខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០របស់ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង២ម៉ឺន២ ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន និងបង្ក ការបាក់ច្រាំងទន្លេផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង