ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​រក​ចំណូល ​តាមរយៈ​នេសាទ​ បាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផលិតផល​វារីវប្បកម្ម​ចំនួន​ជាង​៨០០​លាន​ដុល្លារ​អាមេរិក

185

 

​ភ្នំពេញ​៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ថា​ឆ្នាំ​២០២០ នេះ កម្ពុជា នាំចេញ​ផលិតផល​ជលផល បាន​ក្នុង​បរិមាណ​សរុប​៣៥៩០​តោន ក្នុងតម្លៃ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​អាមេរិក ទន្ទឹមនឹង​ទិន្នផល​ត្រី​ទឹកសាប​ធម្មជាតិ ត្រូវប៉ាន់​ប្រមាណ​ថា​ធ្លាក់ចុះ​បន្ដិច ក្នុង​រង្វង់ ១៣​ភាគ រយ ។ សរុប​ផល​នេសាទ ទឹកសាប​ទឹក សមុទ្រ និង​វារីវប្បកម្ម​ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ​ចំនួន​១៨០០ លាន​ដុល្លារ បើ​ធៀប​កាលពី​ឆ្នាំ​២០១៩ មានការ​ធ្លាក់ចុះ​បន្ដិច ។

យោងតាម​ផេ​ក​ផ្លូវការ​របស់ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​០៤​មករា​នេះ​ថា នៅ​ឆ្នាំ​២០២០ ផលិតផល​ជលផល​សរុប​មាន​ចំនួន​៩៣​ម៉ឺន​តោន ក្នុងនោះ ផលិតផល​ទឹក សាប មាន​ចំនួន​៤១​ម៉ឺន​តោន ផលិតផល​សមុទ្រ មាន​ចំនួន ១២ ម៉ឺន​តោន និង​ផលិត ផល​វារីវប្បកម្ម​ចំនួន ៤០​ម៉ឺន​តោន​។ ជាមួយគ្នានេះ​តម្លៃ​ប៉ាន់ស្មាន​សរុប​នៃ​ផលិត ផល នេសាទ​ទឹកសាប និង​សមុទ្រ មាន​ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផលិតផល​វារីវប្បកម្ម​ចំនួន​ជាង ៨០០​លាន​ដុល្លារ​អាមេរិក​។​

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា តាម​លក្ខណៈ បច្ចេកទេស រដ្ឋបាល​ជលផល​បាន​ព្យាករ​ផល​នេសាទ​ទឹក សាប​សរុប ដូចជា តាម​ទន្លេ បឹង ស្ទឹង ព្រែក អូរ ត្រពាំង និង​វាលស្រែ ក្នុង​ឆ្នាំ​២០២០ អាចមាន​កម្រិត​ទាប​ជាង​ឆ្នាំ​២០១៩​ប្រមាណ​១៣​ភាគរយ ដោយ សារ​វិសាលភាព​នៃ​កម្រិត​ទឹកជំនន់​ទាប​ក្នុង​បឹង​ទន្លេសាប​, ទន្លេមេគង្គ​និង​ការប្រែប្រួល អាកាសធាតុ​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ផល​ត្រី​ដែល​ទទួលបាន​ពី​ការធ្វើ​វារីវប្បកម្ម​មានការ​កើនឡើង​ប្រមាណ​៣០​ភាគរយ បើ​ប្រៀប ធៀប​ក្នុង​ឆ្នាំ​២០១៩ ។ តួលេខ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា អនុវិស័យ​វារីវប្បកម្ម​បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក ជំនួស​ឱ្យ​ផល​នេសាទ​ដាយ​ត្រី និង​ផល​នេសាទ​ក្នុង​ដែន​នេសាទ ស្របតាម​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​ត្រូវ​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​។​

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​ភាគច្រើន ត្រូវបាន នាំចេញ​ផលិតផល​នេសាទ​ទៅកាន់​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ បន្ទាប់មក​សិង្ហ​បុរី ជប៉ុន កូរ៉េ និង​ចិន​ជាដើម​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង