ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យជាងដែកម្នាក់​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់

64

​ភ្នំពេញ​៖​បុរស​ម្នា​ក់បាន​ស្លាប់ ពេលពី​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក បើក​មក​បុក​ចំ​ពី​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ប៉ើង​ទៅមុខ​ជាង​២០​ម៉ែត្រ​។ ចំណែកឯ​រថយន្ត​បង្ក​បន្ត​បើក​ទៅមុខ​រត់គេចខ្លួន​បាត់​ស្រមោល​ កាល​វេលា​ម៉ោង ៩ និង​២០​នាទី​យប់ ថ្ងៃ​អង្គារ ទី​៥ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ចំណុច​ជិត​ច្រកចូល​សាលាខណ្ឌ​មានជ័យ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ផែន ចាន់ទី ហៅ​ប៉ា​ជូ​លី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល នៅក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ ២០១២ ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-BC 7511 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត បើក​ស្របគ្នា​ក្នុង​ល្បឿន​លឿន មក​បុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង​ទៅមុខ​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ជា​ជនរងគ្រោះ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់ ស្លាប់​ក្នុង​ថ្លុកឈាម​។​

សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌមានជ័យ ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ។ សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្តរក​រថយន្ត​បង្ក ​ឃាត់​មក​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង