ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ឯកឧត្តម ឬ អាចម៍​ម៉ា​ដុំ​

88

​ភ្នំពេញ​៖​ស្រុក​ខ្មែរ​យើង​សព្វថ្ងៃនេះ មាន​មនុស្ស​ជាច្រើន​ចង់​ឲ្យ​គេ​ហៅ​ខ្លួន​ថា ជា​ឯកឧត្តម​ណាស់ ។ តាមពិត​ងារ​ជា​ឯកឧត្តម​គឺជា​​សញ្ញា​ដែល​បញ្ជាក់ថា អ្នកនោះ​មាន​ឋានានុក្រម​ខ្ពស់​ក្នុង​ស្ថាប័នរដ្ឋ ។​

​តែ​មិន​អញ្ចឹងទេ​មាន​អ្នកខ្លះ​មិនទាន់​មានបុណ្យ​សក្តិ ដល់​កម្រិត​ត្រូវ​ហៅ​ឯកឧត្តម​ផង​នោះ ខំ​ចំកោង​ខ្នង​ឲ្យ​គេ​ហៅ​ខ្លួន​ថា​ឯកឧត្តម​​នេះ​បាន​ចំ​ជា​គ្មាន​កេរ្តិ៍ខ្មាស​មែន​។ ថ្ងៃមុន​មាន​លោក​មេឃុំ​មួយរូប រៀបចំ​ការកូន​ដោយសារតែ​ការ​រាប់អាន​គ្នា គាត់​ក៏​ហៅ​នាយ​ខ្ញុំ​ឲ្យ​ទៅ​ចូលរួម​ដែរ ។​

​ក្នុង​លិខិតអញ្ជើញ​ភ្ញៀវ​គាត់ រូបគាត់​ជា​ឯកឧត្តម រីឯ​ប្រពន្ធ​គាត់​ជា​ជំទាវ ដែល​ត្រូវជា​អាណាព្យាបាល​. . .​ខ្ញុំ​អាន​លិខិតអញ្ជើញ​នោះ​​ហើយ​មើលមុខ​គាត់ ។ គាត់​ទំនងជា​រអៀសខ្លួន ក៏​និយាយ​មុន​ថា អា​អ្នក​បោះ​សំបុត្រ​វា​បោះ​ខុស បែរ​ទៅជា​ដាក់​ឯង​ថា​ឯក​ឧ​ត្ត​មេ​ណា​ឆ្កុយ ។​
​ខ្ញុំ​មិន​មាត់​ទេ តែ​ខ្ញុំ​គិតថា​សំបុត្រ​ការ ក្រោយពី​គេ​ធ្វើ​ចេញ​ជា​គំរូ​មួយ​សន្លឹក​ហើយ​នោះ គេ​ហៅ​ម្ចាស់​បោះ​នោះ មក​ពិនិត្យ​ជាមុនសិន បើ​មិន​ខុស​​ទើប​គេ​បោះ​សម្រេច​តែម្ដង តែ​លោក​មេឃុំ​រូប​ហ្នុ​ង មាន​ចេតនា​ដាក់ខ្លួន​ឯង​ថា​ឯកឧត្តម ។ ខ្ញុំ​គិតថា​បែបនេះ​សមតែ​អាចម៍​ម៉ា​ដុំ​ទើប​សម ។​

​ទេ​ប្រសិនបើ​គាត់​ជា​មេឃុំ​មែន តែ​គាត់​មាន​មុខងារ​បន្ថែម​ជាទី​ប្រឹក្សា ឬ ជំនួយការ​អ្នកនេះ ឬ អ្នកនោះ​ដែលមាន​ឋានៈ​ចាប់ពី​អគ្គនាយក​ទៅនោះ​មិនជា​ស្អី​ទេ ។​
ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ជំនាន់​ប៉ុលពត ហើយ​អ្នកដឹកនាំ​ខ្មែរ ដែល​ចូលរួម​រំដោះទឹកដី​នោះ ខ្ញុំ​ធ្លាប់តែ​ហៅ​ពួកគាត់​ថា​បងៗ ហើយ​គាត់​សប្បាយចិត្ត​ជាងគេ ហៅ​គាត់​ថា​ឯកឧត្តម​ទៀតផង ។ ថ្ងៃមុន​ជួប​អ្នកធំ​ម្នា​ក់នៅ​ហាង​គុយទាវ ។ គាត់​ជា​អ្នក​មកពី​ស្រុក​បារាំង ហើយ​គាត់​បានធ្វើ​ធំ​នៅ​សម័យ​ក្រោយ​ឆ្នាំ​១៩៩៣​នេះ​ទេ ។​

​ខ្ញុំ​រាប់អាន​គាត់​តាំងពី​គាត់​មកពី​ស្រុក​បារាំង​ដំបូង ដោយសារតែ​ព្រលឹម​ឡើង​គាត់​ហាត់ប្រាណ​ជាមួយ​ខ្ញុំ បន្ទាប់មក​អង្គុយ​ផឹក​កាហ្វេ​​ចិញ្ចើមថ្នល់​ជាមួយគ្នា ។ កាលនោះ ហៅ​គាត់​តែ​បងៗ​ទេ ហើយ​គាត់​និយាយ​អួតថា ទោះជា​គាត់​ឡើង​ធំ​រហូតដល់​ពាក់​លោក​ខែ ឬ អង្គុយ​លើ​ពពក ក៏​គាត់​មិន​ឲ្យ​គេ​ហៅ​គាត់​ឯកឧត្តម​ដែរ ។​

​ថ្ងៃមុន​បាន​ជួប​គាត់​នៅ​ហាង​កាហ្វេ​ប្រេន​ដ៍ (BRAND) មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ។ គាត់​ហៅ​ខ្ញុំ​អង្គុយ​ជាមួយ​ក្នុងឋានៈ​ជា​អ្នក​ធ្លាប់​ស្គាល់​​គ្នា​។ ខ្ញុំ​ដឹងថា​គាត់​ពេលនេះ មានមុខ​ងារ​សម​នឹង​ហៅថា​ឯកឧត្តម​មែន តែ​ខ្ញុំ​នៅចាំ​ពាក្យ​គាត់​ពីមុន​ដែលថា ទោះជា​ឡើង​ធំ​ក៏​គាត់​មិន​ឲ្យ​គេ​ហៅ​​គាត់​ថា​ឯកឧត្តម​ដែរ ។​

​ខ្ញុំ​សួរសុខទុក្ខ​គាត់​ដោយ​ផ្ដើមចេញពី​ពាក្យ​ថា <​បង​> ។ គាត់​ទម្លាក់​ទឹកមុខ​ចុះ ឯ ខ្ញុំ​ក៏បាន​ដឹងខ្លួន​ជាមុន​ដែរ ថា​គាត់​នឹងមាន​ប្រតិកម្ម​​តប​វិញ​ជាមិនខាន​ចំពោះ​ពាក្យ​ដែល​ខ្ញុំ​ហៅ​គាត់​ថា <​បង​>​។ គាត់​តប​វិញ​ដោយ​ស្រទន់​ថា ប្អូន​ជា​អ្នករៀន​សូត្រ​ចេះដឹង​គ្រាន់បើ​ដែរ ម៉េច​ក៏​ប្អូន​មិនដឹងថា ខ្ញុំ​មាន​ងារ​ជា​ឯកឧត្តម ដែល​ងារ​នេះ​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ​ខ្ញុំ ។​

​ខ្ញុំ​មិន​តប​ទេ តែ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​សុំទោស ខ្ញុំ​សុំចូល​បន្ទាប់​ទឹក​មួយ​ភ្លែត​សិន ។ ខ្ញុំ​មិន​ចូល​បន្ទប់ទឹក​ទេ គឺ​ខ្ញុំ​មក​កន្លែង​គិតលុយ​ហើយ​​ឲ្យ​គេ​គិតលុយ​ដោយ​ខ្ញុំ​ចេញ​ឲ្យ​ទាំង​គាត់​ទៀតផង ។ ពេល​ខ្ញុំ​ចាកចេញ​មិនដឹង​ជា​គាត់​និយាយ​អ្វីខ្លះ​ពី​ខ្ញុំ​នោះទេ តែ​ខ្ញុំ​មិន​ខ្វល់ ។​

​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​កន្លែងធ្វើការ​ដោយ​គិតថា ងារ​ជា​ឯកឧត្តម មិនមែន​កើតចេញពី​ពោះ​ម៉ែ មក​ស្ពាយ​មកជា​មួយ​ឯណា ។ ឯកឧត្តម ពិត​​ជា​ខ្ពង់ខ្ពស់​មែន តែ​ប្រយ័ត្ន​ថ្ងៃ​ណាមួយ​ក្លាយជា​អាចម៍​ម៉ា​ដុំ​វិញ​ហ្នា ?៕​

អត្ថបទដែលជាប់ទាក់ទង