ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួន ដែលនៅតែទទួលការគំរាមកំហែង ពីទឹកជំនន់ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងខេត្តស្ទឹងត្រែង

104


នៅ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៣ លេខ៣៨៣A និងផ្លូវជាតិមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ ដែលកំពុងតែរងការគំរាមកំហែងដោយទឹកជំនន់។

ការចុះត្រួតពិនិត្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីស្វែងយល់អំពីស្ថានភាព និងបានរកឃើញថា កំណាត់ផ្លូវមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមធ្យម ហើយក្រសួងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការទប់ស្កាត់ ហើយគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រក់វិញ។

សូមជម្រាបជូនផងដែរថា៖ កន្លងមកកំណាត់ផ្លូវជាតិលេខ៣ លេខ៤ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវជាតិដទៃទៀត ក៏ធ្លាប់បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងផងដែរ ហើយក្រសួងក៏បានដោះស្រាយផលប៉ះពាល់ភ្លាមៗ ដើម្បីសម្រួលចរាចររបស់បងប្អូនប្រជាពលរដ្ឋឲ្យល្អប្រសើរឡើងវិញ។

ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍មកក្រសួង និងអជ្ញាធរពាក់ព័ន្ធ ពីករណីការគំរាមកំហែងដោយទឹកជំនន់នេះ។ សូមកុំបើកបរលើសល្បឿនកំណត់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងនេះ នៅថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ឋិតក្នុងសង្កាត់ស្រះ ឬស្សី ក្រុងស្ទឹងត្រែង ដែលរងគ្រោះលិចលង់ផ្ទះសំបែង ស្រែចំការ និងដំណាំដាំដុះ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋពេលកំពុងជួបនូវទុក្ខលំបាក ដោយសារតែផ្ទះសំបែង ស្រែចំការ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា៧ម៉ឺនក្នុងមួយគ្រួសារ។

ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែសុខភាពផ្ទាល់ខ្លួន ត្រូវដាំទឹកឆ្អិនហូប ចៀសវាងកុំឱ្យមានជំងឺរាគរុសជាន់លើការលំបាកបន្ថែមទៀត។

បន្ទាប់ពីការចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់រួចមក លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស។

សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលនោះក្នុងនាមជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិ បញ្ញា បានដឹកនាំរៀបចំ កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ពេលវេលាដែលត្រូវតបស្នង – វិភាគទានចំពោះ អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកា ដើម្បីជួលដល់ក្រុមគ្រួសារលោក យាយ។

ចំណែកផ្លូវលេខ៣៧៧ ខេត្តក្រចេះវិញ៖ ពិនិត្យការដ្ឋានផ្លូវវាង ប្រវែង២២៥០ម និងស្ថានភាពស្ពានកាំពី ឃុំសំបុក ស្រុកចិត្របុរី និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ក្រោមអធិបតីភាព លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

ការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងចុះពិនិត្យស្ថានភាពផ្លូវថ្នល់ និងស្ពានទាំងនេះ ធ្វើឡើង ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងស្វែងយល់អំពីស្ថានភាព ជាក់ស្តែងនៃផលប៉ះពាល់ ដែលក្រសួងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បី ចាត់វិធានការទប់ ស្កាត់ និងគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រកវិញ៕

អត្ថបទដែលជាប់ទាក់ទង