ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាប់ចោទ ២នាក់ ក្នុងចំណោម៤នាក់ ជាក្រុមជនសង្គមងងឹត ជនជាតិចិនតៃវ៉ាន់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន

210

ភ្នំពេញ៖ នៅថ្ងៃព្រស្បតិ៍ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥១៨ ដចន ចុះថ្ងៃទី៣-សីហា-២០១៨ និងលេខ៥៣៣ ដចន ចុះថ្ងៃទី៩-សីហា-២០១៨ របស់ចៅក្រមស៊ើបសួរ តុលាការរាជធានីភ្នំពេញបានឃាត់នាំខ្លួនជនជាប់ចោទ២នាក់ ឈ្មោះ Chang Yu Min និងឈ្មោះ Xiao Jiun Hong បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ មានក្រុមជនសង្គមងងឹត ជនជាតិចិនតៃវ៉ាន់មួយក្រុម មានគ្នា៤នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សា មានស្ថានទម្ងន់ទោស និងកំហែងយកនៅផ្ទះលេខ១៣ ផ្លូវលេខ៣(បូរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះជនរងគ្រោះ) ដោយយកពែងតែ គប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឱ្យជនរងគ្រោះ ចុះហត្ថលេខាលើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះ មិនបានជំពាក់លុយពួកគេនោះទេ។ បន្ទាប់មកក្រុមជនសង្ស័យ បានបង្ខំឲ្យជនរងគ្រោះ យកសោរថយន្ត ប័ណ្ណសម្គាល់យានយន្ត និងយករថយន្តម៉ាកMercedes របស់ជនរងគ្រោះយកទៅលាក់ទុកនៅ Condo ក្រោយកាស៊ីណូណាហ្គាវើល ក្នុងខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេខ្លោងក្នុងការធ្វើសកម្មភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងកំហែងយក ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទនៅត្រឹមហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ ក៏បានដោះលែងជនសង្ស័យឈ្មោះ Yang Shi Xiao ដែលជាមេខ្លោងក្រុមជនសង្គមងងឹតរូបនេះ ឱ្យមានសេរីភាព ទាំងបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។ ការដោះលែងជនសង្ស័យ ធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង ត្រូវសំងំលាក់ខ្លួន និងមិនហ៊ានចូលផ្ទះរបស់ខ្លួនទៀតផង។ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ កម្លាំងកងរាជអាវុធហត្ថ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ចំនួន២នាក់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង