ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំលើកទី៦ ស្តីពីការរៀបចំយុទ្ធសាស្រ្ តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងសេរី (FTA)

151

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាគណៈអធិបតីក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យ មើលវឌ្ឍនភាពនៃការរៀបចំ យុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន ប្រធានវិទ្យាស្ថានស្តីទី និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយផ្អែកតាមអនុសាសន៍ របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារ បង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន ៥០ មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មី ចំនួន ២០ មុខទំនិញ ផលិតផលកំពុងលូតលាស់ចំនួន២០ មុខទំនិញ និង ផលិតផលចាស់ទុំចំនួន១០ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅ ប្រទេសចិនឱ្យបានជាអតិបរមា។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបាន ស្នើឲ្យក្រុមការងារលេខាធិដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ ឬ ៨ ខ្ទង់ និងផ្តល់អនុសាសន៍លើទំនិញណាមួយ ឲ្យបានច្បាស់លាស់ដែល យើងផលិតបាន និងមានតម្រូវការទីផ្សារ ហើយក្រុមលេខាធិការដ្ឋាន FTA ត្រូវសហការជាមួយនាយកដ្ឋាន គោលនយោបាយ និងអភិវឌ្ឍទីផ្សារ ក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពល សម្រាប់ជម្រុញការនាំចេញ ដើម្បីឲ្យស្របតាម គោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នា ចំនួន៣ចំនុច រួមមាន៖ (១) បន្ថែមការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បីធ្វើជាមូលដ្ឋានក្នុងការ ផ្តល់អនុសាសន៍គោលនយោបាយចំពោះមុខទំនិញនីមួយៗ និងត្រូវកំណត់យក Factsheet ពី ២ទៅ៣ទំព័រ ប៉ុន្តែត្រូវតែមានព័ត៌មានគ្រប់ជ្រុងជ្រោយងាយស្រួលសម្រាប់ថ្នាក់ដឹកនាំ អ្នកនាំចេញ ធ្វើការសម្រេចចិត្តបានភ្លាមៗ (២)បានឯកភាពលើមាតិកា នៃរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដោយបញ្ចូលចំនុចចក្ខុវិស័យ និងគោលបំណងទៅក្នុងសេចក្តីផ្តើមវិញ និងបន្ថែមតារាងឧបសម្ព័ន្ធ (៣)បង្កើតតារាងម៉ាទ្រិច(Matrix) រាយមុខទំនិញចំនួន ៥០ មុខ តាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយចំនុចដែលបាន ឯកភាពទាំង៣ខាងលើនេះ នឹងត្រូវដាក់ចូល ទៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង