ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងម៉ាស៊ីនម្នាក់នៅក្រុមហ៊ុន សម្បត្តិមានហេង ស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹក រថយន្តក្រឡុកស៊ីម៉ង់ត៍

135

 

​ភ្នំពេញ ៖​ បុរសម្នាក់ជាជាងជួសជុលរថយន្ត​ ខណៈកំពុងជួសជុលរថយន្តក្រឡុកស៊ីម៉ង់ ក៏ស្រាប់តែម៉ាស៊ីនប៊ូមទឹកផ្ទុះឡេីង បណ្តាលឲ្យខ្ទាតត្រូវជនរងគ្រោះ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណក្រុមហ៊ុនចាក់ប៉េតុង និងក្រឡុកស៊ីម៉ង « សម្បត្តិមានហេង » ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
​ សពឈ្មោះមាន រី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ធំ ។
តាមប្រភព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងកូនជាងម្នាក់ទៀត កំពុងជួសជុលម៉ាស៊ីនបូមទឹក នៅកន្លែងរោងជាងឡាន ដោយជនរងគ្រោះ ជាអ្នកឈរជួយទប់ម៉ាស៊ីន ដែលលើកភ្ជួរជាមួយរេវ័រទ័រ ដោយច្រវ៉ាក់កៅឡាក់ បន្ទាប់មកកូនជាងម្នាក់ទៀត ក៏បញ្ឆេះម៉ាស៊ីនសាកមើល ។
​ ក្រោយពេលបញ្ឆេះម៉ាស៊ីនឆេះ បានប្រហែល១០វិនាទី ម៉ាស៊ីនបូមទឹកនោះ ក៏រេទៅប៉ះនឹងដែកទម្ររបស់ រេវ័រទ័រដែលភ្ជួរម៉ាស៊ីននោះ ក៏ផ្ទុះម៉ាស៊ីនទៅចំជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ខ្ទាតរាប់សិបម៉ែត្រ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តងទៅ ។
​ ក្រោយកើតហេតុ ខាងក្រុមហ៊ុនបេតុង សម្បត្តិមានហេង ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យតែម្តង ។ ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ។ ក្រោយការពិនិត្យយ៉ាងល្អន់ល្អិតមក ឃើញថា សពជនរងគ្រោះស្លាប់ដោយសារ ត្រូវអំបែងកង់យោង ម៉ាស៊ីនបូមទឹកផ្ទុះ ។
​ ចំពោះសពជនរងគ្រោះត្រូវបាន ប្រគល់ទៅឲ្យឈ្មោះ ឡូញ សម្ផស្ស ( ជាប្រពន្ធ ) ដើម្បីដឹកយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង