ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឈើធំៗ ៣ដើមនៅលើ សួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញ អភិបាលរាជធានី មិនអនុញ្ញាតអោយកាប់យកចេញទេ មានតែដាំថ្មីបន្ថែម

138

ភ្នំពេញ៖ ដើមឈើធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួរកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសំរេចអោយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចថា មិនអោយកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែម។

   ការសម្រេចបែបនេះបានធ្វើឡើង ខណៈដែលលោកឃួង ស្រេងអភិបាលដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ

  ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន តែលោកបាន បញ្ជាឲ្យ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

  លោកឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។

  លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ខណៈដែលលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងលោកឃួង ស្រេងបានសំរេចជាថ្មីថា មិនអោយកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម

 

អត្ថបទដែលជាប់ទាក់ទង